លោក ហ៊ុន ម៉ានី ជូនស្ពាន ១ខ្សែ ទុកជាអនុស្សាវរិយ៍ដល់អ្នកឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ៦២៨នាក់។

នាឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា មូលហេតុដែលនាំដល់ការសាងសង់ស្ពានតាំងបំពង់នេះ គឺបានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលា នៅវត្តគីរីរុក្ខាហៅវត្តសំពៅផុស ស្ថិតនៅភូមិ តាំងបំពង់ ឃុំតាសាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដែលកាលនោះនៅពេល ធ្វើដំណើរមកដល់ស្ពានតាំងបំពង់នេះគឺមិនបានឆ្លងកាត់លើស្ពានទេ ដោយសារឃើញស្ពានឈើ នោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេកដែលអាចបង្កគ្រោះថ្នាក់។ ដោយមើលឃើញពីតម្រូវការចាំបាច់នៃការប្រើប្រាស់ស្ពាននេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ឯកឧត្តមបានសម្រេចជូនស្ពានដែលសម្ពោធថ្ងៃនេះជាចំណងភ្ជាប់និស្ស័យជាមួយអ្នកតាសាលតែម្តង។

លោកបានលើកឡើងថា ស្ពាននេះនឹងសម្រួលដល់ការធ្វើដំពើរ ដោយធានាដល់សុវត្ថិភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល ការធ្វើដំណើរឆ្លងកាត់ទៅមន្ទីរពេទ្យ ទៅសាលារៀន ទៅធ្វើបុណ្យទាន និងទៅប្រកបកិច្ចការផ្សេងៗ ហើយជាពិសេសស្ពាននឹងបង្កើនភាពងាយស្រួលដើម្បីឆ្លងកាត់ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដ៏មានសក្តានុពលរបស់ខេត្តកំពង់ស្ពឺ គឺភ្នំខ្នងផ្សារ ឬភ្នំខ្នងក្រពើ ដែលជាប្រភពចំណូលរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាបង្កើនឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តនិងជឿជាក់តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យលោកបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

លោកបានបន្តថា តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមកនេះ បានផ្តល់ឱកាសឱ្យលោកបានចូលរួមជាមួយរាជជាមួយរដ្ឋបាលខេត្តធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗជាច្រើនជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់។

ជាមួយគ្នានេះ យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧, លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។

ឆ្លៀតឱកាសនេះ លោកបានថ្លែងអំណរគុណដល់សប្បុរសជន ក្រុមការងារប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ និងភាគីដទៃទៀតដែលបានចូលរួមចំណែកជួយឧបត្ថម្ភក្នុងការសាងសង់ស្ពានតាំងបំពង់នេះផងដែរ។

សូមជម្រាបជូនថា ស្ពានតាំងបំពង់ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ប្រើរយៈពេលសាងសង់ជាង៥ខែ (គិតចាប់ពីការបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣), ស្ពាននេះមានប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ បានចំណាយថវិកាសាងសង់អស់ថវិកា ១០៨,០០០ដុល្លារអាមេរិក៕

 

Recommended For You