ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

ព្រឹកនេះសម្តេចតេជោ អញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានបើកការដ្ឋានសាងសង់កាល​ពី​ខែកុម្ភៈ ឆ្នាំ២០​២១​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ រោងចក្រផលិតទឹក​ស្អាត​បាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ដែល​មានសមត្ថភាព​ផលិត​សរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះ បានដាក់ដំណើរការ​សាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំង​ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងឈានដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រ​ក្នុង​វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់​ដោយ​ក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយ​ផ្តល់យោបល់ពី​ទី​ប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិត​ទឹក​ស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រ​គូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ មានសមត្ថភាព​ផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំង​បន្ថែម​ការផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះ​ស្រាយ​​​បញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់​ជាយរាជ​ធានី​ភ្នំពេញ និងសង្កាត់​ចំនួន៣ នៅក្រុងតាខ្មៅ។

នៅដើមឆ្នាំ២០២៤ ក្រោយដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់​ខែងជំហាន​ទី​២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុប​បាន​ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេស​​ប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់​ទឹកស្អាត​ដែល​ធានា​បាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការ​កង្វះខាតទឹកស្អាត​ក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និង​ការ​ដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហា​វិថីឈ្នះ​-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោង​ខ្នង​ដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការ​បញ្ចុះ​ប្រតិ​បត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាព​គំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នា​ទៅនឹងរោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរ​ការ​ផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោម​តាម​ស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម ១០ភាគរយ (កម្រិតនៃអត្រា​ទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយ​ចំនួន គឺទាបជាងគេ)។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។

សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥​លាន​ដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ​អាម៉េ​រិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។

សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។

សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០លានដុល្លារអាមេរិក។

កំណើនប្រជាពលរដ្ឋ កំណើនអាជីវកម្មនានា ជាហេតុនាំឱ្យរាជធានីភ្នំពេញ មានតម្រូវការ​ផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាតនេះជាបន្តបន្ទាប់ផងដែរ។ នៅដើមឆ្នាំ២០២៤ ក្រោយពេលដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើររោងចក្រផលិតទឹកស្អាតចំនួន៥រួមមាន៖ រោងចក្រជ្រោយចង្វារ, រោងចក្រភូមិព្រែក, រោងចក្រចំការមន, រោងចក្រនិរោធ និងរោងចក្របាក់ខែងជំហានទី១ ខណៈរោងចក្របាក់ខែងជំហានទី២ គ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៤៕

 

nmr