ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកអតីតយុទ្ធ ចំនួន៥២៧នាក់ ក្នុងនោះនៅស្រុកសាមគ្គីមានជ័យចំនួន ៣០៧នាក់ និងស្រុកកំពង់ត្រឡាច ចំនួន២២០នាក់ ដោយមាន អញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ដែលកន្លងមកបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់បងប្អូនជាប្រចាំ និងតែងបានជួយសម្រួលកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា ពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេត្វរំដោះជាតិមាតុភូមិ ។ ក្នុងនោះដែរ ឯកឧត្តម គន់ គីម ក៏បានរំលឹកដល់បងប្អូនអតីតយុទ្ធទាំងអស់ ត្រូវជឿជាក់លើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
+6
All reactions:

16

nmr