ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2 Pro ដែលស្ថិតក្នុងក្រុមហ៊ុនតែមួយត្រូវបានបំពាក់គេដោយអេក្រង់កម្រិតពន្លឺ 1,300nits ចំណែកក្រុមហ៊ុនកូរ៉េ Samsung ម៉ូដែល Galaxy S23 Ultra ត្រូវបានបំពាក់ដោយអេក្រង់មានពន្លឺ 1,750nits និងក្រុមហ៊ុនអាមេរិក Apple ម៉ូដែល iPhone 15 Pro Max ត្រូវបានបំពាក់ដោយអេក្រង់មានកម្រិតពន្លឺ 2,000nits។