កីឡា ព័ត៌មានថ្មីៗ

កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពល ក្រោយជោគជ័យក្នុងជើងឯកពិភពលោក

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសវៀតណាមកាលពីថ្មីៗ បានសបញ្ជាក់ឲ្យឃើញថា កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពលពីរាមច្បង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។

 

ការគូសបញ្ជាក់នេះ បន្ទាប់ពីប្រតិភូ និងអត្តពលិកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញកាលពីចុងសប្ដាហ៍កន្លងទៅ អមជាមួយការដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៩គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស ដែលចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំនេះ។

 

ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានធ្លាក់ចុះមេដាយ ក៏ដូចជាចំណាត់ថ្នាក់ពីលេខ២ មកលេខ៣ ដោយសារកម្ពុជា បានចូលរួមប្រកួតតិចវិញ្ញាសាជាងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស្ទើរពាក់កណ្ដាល។ ប៉ុន្ដែបើនិយាយពីបច្ចេកទេស និងគុណផលកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ពិសេសកីឡាករ-កីឡាការិនីវ័យក្មេងតែម្ដង។

nmr