រដ្ឋមន្រ្តីវប្បធម៌៖ពិធីរំឭកគុណអង្គរ នឹងក្លាយជាយុទ្ធនាការរួមជួយដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានលើកឡើងថា ការរៀបចំ ព្រឹត្តិការណ៍រំឭកគុណអង្គរ ដើម្បីរំឭកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ដែលពិធីនេះនឹងក្លាយជាយុទ្ធនាការរួមមួយ ក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថមគាំទ្រនានា ក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ។

 

លោកស្រី ភឿង សកុណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាផងនោះ បានលើកឡើងបែបនេះ នាឱកាសដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

 

សូមបញ្ជាក់ថា ពិធីបុណ្យរំឭកគុណអង្គរ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខណៈឆ្នាំនេះ គឺជាឆ្នាំទី៣ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍នេះឡើង៕

 

Recommended For You