ខេត្តកំពង់ឆ្នាំង៖ក្រុមគណៈកម្មការចម្រុះរបស់អាជ្ញាធរស្រុកបរិបូណ៌និងអាជ្ញាធរឃុំឆ្នុកទ្រូ បានចុះរើសរើសំណង់លក់ដូរអនាធិបតេយ្យ ស្របតាមផ្លូវជាតិលេខ ៥២ ទល់មុខផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ មានចូលរួមសហការ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ កម្លាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក កម្លាំងកងរាជអាវុធហត្ថB304 កម្លាំងមន្ត្រីបរិស្ថាន កម្លាំងការិយាល័យសេដ្ឋកិច្ចស្រុកបរិបូណ៌ កម្លាំងការិយាល័យវិវាទដីធ្លី ស្រុកបរិបូណ៌និងអាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌មានគ្នាចំនួន១២នាក់ ។
-ការចុះរុះរើសំណង់អាណាធិបតេយ្យខាងលើនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ដោយមានក្រុមអាជីករមួយចំនួនតូច មិនព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរ មិនព្រមចូលលក់ក្នុងទីផ្សារ ដែលក្រុមហ៊ុន ធ្វើសម្រាប់ជួលឲ្យក្រុមអាជីវករដែលមានលក្ខណៈស្តង់ដារត្រឹមត្រូវ មានក្រុមអាជីវករខ្លះទាមទារឲ្យខាងក្រុមហ៊ុន ប្រគល់តូប ទៅឲ្យពួកគាត់លក់ដោយសេរី ដោយមិនបាច់បង់ប្រាក់ ទើបគាត់ព្រមចូល បើមិនដូច្នោះទេ ក្រុមក្រុមអាជីវករបង្កើតជាបក្សពួក មិនព្រមចូលលក់ក្នុងផ្សារនោះឡើយ។
-ករណីដូចបានជម្រាបជូនខាងលើនេះហើយ ទើបធ្វើឲ្យអាជីវករផ្សារ ឃុំឆ្នុកទ្រូបានបែងបាក់ បង្កើតទៅជាផ្សារតូចៗ ជាបីទៅបួនកន្លែង មានខ្លះលក់នៅតាមចណីថ្នល់ផ្លូវជាតិលេខ៥២បែបអនាធិបតេយ្យ មានខ្លះលក់នៅចុងថ្នល់ផ្លូវជាតិលេខ៥២ ខ្លះលក់នៅខាងក្រោមថ្នល់ជាប់ប្រឡាយ ពេលទឹកទន្លេឡើងពួកអ្នកនៅខាងក្រោមថ្នល់ បានបង្កើតជាសំណង់អនាធិបតេយ្យ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃ គ្មានសោភ័ណភាពតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ជាពិសេសការបោះចោលសំរាមពាសវាលពាសកាល ទំលាក់សំរាមចូលទៅក្នុងទឹកប្រឡាយ បង្កឱ្យប៉ះពាល់បរិស្ថានទឹក បង្កើតជាមេរោគប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ឋទៀតផង។
-លោកផល សុភាពបានប្រាប់អោយដឹងថា ដោយមើលឃើញផសប៉ះពាល់ដូចខាងលើនេះហើយ ទើបក្រុមគណៈកម្មការចម្រុះរបស់អាជ្ញាធរស្រុកបរិបូណ៌និងអាជ្ញាធរឃុំឆ្នុកទ្រូ បានរុះរើតូបលក់ដូរអនាធិបតេយ្យចំនួន ៣ កន្លែង និងបានធ្វើការអប់រំឲ្យ ក្រុមអាជីវករ ចូលលក់ដូរនៅក្នុងទីផ្សារ ដែលខាងក្រុមហ៊ុន ធ្វើជា តូបៗសម្រាប់ជួលឲ្យក្រុមអាជីវករនៅលក់ដូរស្រាប់។ ចាប់ពីពេលនេះតទៅខាងអាជ្ញាធរ មិនបណ្ដោយឲ្យមានការលក់ដូរបែបអានាធិបតេយ្យបន្តទៀតបានឡើយ៕