ខេត្តបាត់ដំបង៖ស្ត្រីជាម្តាយទុកកូនតូចៗ២នាក់ឱ្យនៅចាំផ្ទះខណៈទៅលេងផ្ទះម្តាយបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំចុះលេងទឹកស្រះក៏លង់ស្លាប់។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ ២០២២ នៅវេលា ម៉ោង១២និង២០នាទី នៅចំណុចក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សពឈ្មោះ អឿង កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនៅក្រុមទី ១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ នួន ចន្ធឿន ភេទស្រីអាយុ ២៩ ឆ្នាំនៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបងត្រូវជាម្តាយសពបានបំភ្លឺថា នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង០៩និង០០នាទីព្រឹក ខ្លួនទៅផ្ទះម្តាយនៅជិតគ្នាផង ដោយទុកកូនតូចៗ០២នាក់ឲ្យនៅចាំផ្ទះ។ លុះប្រហែលម៉ោង ០៩នឹង៤០នាទីក៏ត្រឡប់មកវិញក៏ឃើញក្មេងតូចៗ០៣នាក់នៅលែងនឹងក្រោយផ្ទះខ្លួននៅក្បែរស្រះទឹក ក្នុងនោះកូនខ្លួនមាន០២នាក់ផង។ ដោយកូនរបស់ខ្លួនទាំង២នាក់មានឈ្មោះអឿងរ៉ាឌីភេទប្រុសអាយុ០៥ឆ្នាំនិងឈ្មោះអឿង កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនិងក្មួយខ្លួនម្នាក់ទៀតឈ្មោះចយ រចនាភេទស្រីអាយុ១៤ឆ្នាំ។
លុះអស់រយៈពេល១៥នាទីក្រោយមកកូនប្រុសខ្លួនឈ្មោះ អឿង រ៉ាឌី បានរត់មកប្រាប់ថា “ម៉ែបាត់មីអូនហើយ”។ ឮដូច្នេះខ្លួនក៏រត់ទៅផ្ទះវិញ ដើម្បីដើររកពេលនោះក្មួយខ្លួនឈ្មោះ ចយ រចនា មកប្រាប់ថាកូនខ្លួនឈ្មោះ អឿង កន្និថា នៅក្នុងទឹកស្រះខ្លួនក៏ចុះរាវក្នុងទឹកស្រះក្រោយផ្ទះទើបប៉ះសពកូនស្រីខ្លួន ហើយលើកបីយកមកផ្ទះតែម្តង។
ក្រោយសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពលើក្បាលមុខគ្មានស្លាកស្នាមអ្វីក្នុងមាត់មានលំអងដីដងខ្លួនដៃជើងពុំមានស្លាកស្នាមអ្វីគួរកត់សំគាល់ហើយឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពនិងការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិចបានធ្វើការសន្និដ្ឋានក្មេងរងគ្រោះបានចុះទៅក្នុងទឹកដោយខ្លួនឯងហើយក៏លិចថប់ដង្ហើម (លង់ទឹក)ស្លាប់តែម្តង រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕