ភ្នំពេញៈ បុសជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរវាយប្លន់ យកទ្រព្យសម្បត្តិ បានសម្រេច ដែលគ្រឿងអលង្កានោះ មានតម្លៃប្រមាណ ១០ ម៉ឺនដុល្លារ ។ ហេតុការណ៍ បង្កឱ្យ មានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលា ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារ មាត់ទន្លេ តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវ លេខ១៣៦ ក្នុងសង្កាត់ផ្សារ កណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលប៉ុស្ដិ៍ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះ ជាបុរសជនជាតិ ជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យជាង ៣០ឆ្នាំ បានបាត់បង់ទ្រព្យសម្បត្តិ រួមមាន ខ្សែកពេជ្រ ១ខ្សែ នាឡិកាមួយ ចិញ្ចៀនពេជ្រ ១វង់ និងលុយមួយចំនួន។ ជនរងគ្រោះ បានប្រាប់ថាៈ ខ្សែកមានតម្លៃ ជិត៦ម៉ឺនដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាក Rolex តម្លៃជាង ៤ ម៉ឺនដុល្លារ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាអ្នកល្បួង ជនរងគ្រោះ ទៅ អង្គុយកន្លែងស្ងាត់ បន្ទាប់មក ក៏មានបុរសមួយក្រុម ចូលមក ប្លន់ជនរងគ្រោះតែម្ដង។
បច្ចុប្បន្ន ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល ផ្សារកណ្តាលទី១ ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខពួកក្រុមចោរទាំងនោះ ចាត់ការតាម ផ្លូវច្បាប់៕