ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

គណនីហ្វេសប៊ុកមួយបង្ហោះវីដេអូរឿងប៉ូលីស«នៅរង្វង់មូលគល់ស្ពានចោមចៅហៅ ៣ដងលុះសួររកឯកសារចុះឡើងថា អត់មានខុសអីទេ

ភ្នំពេញ៖ ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Na Na Su បានបង្ហោះវីដេអូប្រមាណ ៤៤ វិនាទី និងបាននិយាយថា «នៅរង្វង់មូលគល់ស្ពានចោមចៅ ឱ្យតែគាត់ជិះកាត់ ដឹងតែត្រូវប៉ូលិសហៅ ដោយគាត់ត្រូវប៉ូលិសហៅ ៣ដងហើយ លុះសួររកឯកសារចុះឡើងថា អត់មានខុសអីទេ» ។ ម្ចាស់គណនីខាងលើ ក៏បានចោទប្រកាន់សមត្ថកិច្ចថា «ចាប់ព្រៀវ» ។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២២ ម្សិលមិញ បានចេញមកធ្វើការបំភ្លឺថា ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់នោះ គឺដោយសារពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ៩:០០នាទីព្រឹក ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២២ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាក vigo ២បាំងកន្លះ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2P-5250 ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ដើម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជា ចោទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ ។

ស្នងការដ្ឋាននគរបាលរាជធានី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនជារៀងរាល់ថ្ងៃ ៕

nmr