ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ថា ប្រភេទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ជាត្រីដែលគ្រោះថ្នាក់បំផុត ឬកម្ពុជា ហៅថា ប្រភេទត្រីចាប ដែលឈ្មួញបានលួចនាំចូលយកមកកម្ពុជានោះ ត្រូវបានដកហូតបំផ្លាញចោលអស់ហើយ។

លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹងថា ត្រីប្រភេទស៊ីសាច់នេះ នៅកម្ពុជា ហៅថាត្រីចាប ដោយត្រីចាបនេះ មានប្រភេទខ្លះកាចសាហាវ និងខ្លះមិនសូវកាចសាហាវទេ ហើយត្រីប្រភេទនេះ តាមច្បាប់គឺមិនត្រូវបានអនុញ្ញាតឱ្យនាំចូលជាដាច់ខាត ប៉ុន្តែមានឈ្មួញខ្លះលួចនាំចូលដោយលួចលាក់តាមប្រភពផ្សេងៗ។

លោកបានបញ្ជាក់ថា ៖ «ក្រោយពីបានទទួលព័ត៌មានតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមនានារួចមក មន្រ្តីជំនាញនៃរដ្ឋបាលជលផល បានចុះទៅដល់ទីតាំងលក់ត្រី ដែលបាននាំចូលប្រភេទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ដោយបានធ្វើការណែនាំដកហូតត្រីទាំងនោះយកទៅបំផ្លាញចោលរួចហើយ និងបានឱ្យអ្នកលក់នោះធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលប្រភេទត្រីនេះ និងត្រូវលុបវីដេអូ ដែលបានបង្ហោះជាសាធារណៈផងដែរ»។

nmr