ភ្នំពេញៈ កាលពីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ របស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជាតាមរយៈរូបភាពដែលបាន មកពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ ប៉ុន្តែគេ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វខ្លាឃ្មុំធំប៉ុន្មានក្បាលដែលកំពុងមានវត្តមាននៅកម្ពុជានោះទេ។ ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថាការរកឃើញវត្តមាននៃសត្វខ្លាឃ្មុំធំនេះគឺពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ជីវៈចម្រុះ។ តាមរយៈទិន្នន័យនេះនឹងជាមូលដ្ឋានសម្រាប់មន្ត្រីជំនាញនៃក្រសួងបរិស្ថានសិក្សារៀបចំក្នុងការបែងចែកតំបន់ និងការរៀបចំផែនការសម្រាប់ការពារនិងអភិរក្សសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថាតាមរយៈទិន្នន័យរូបភាពដែលប្រមូលបាន វត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃដែលថតបានជាព័ត៌មានដ៏គួរឱ្យរីករាយព្រោះប្រភេទសត្វកម្រៗមួយចំនួនដែលពិភពលោកជិតបាត់បង់ពូជតែមានវត្តមាននៅកម្ពុជា។
បើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។
លោកនេត្រ ភក្ត្រា បានថ្លែងថា សត្វខ្លាឃ្មុំទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។ យោងតាមការសិក្សា ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស។
ចំណែកផ្នែកជីវៈសាស្ត្រវិញ ខ្លាឃ្មុំជាប្រភេទសត្វរស់នៅឯកឯង។ វារស់នៅជាគូពេលបន្តពូជតែប៉ុណ្ណោះ និងចូលចិត្តរស់នៅតាមទីជម្រកនៅតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ប្រភេទនេះជាទូទៅ ដេកនៅពេលថ្ងៃតាមប្រហោងគល់ឈើធំៗ រូងភ្នំនិងក្រហែងថ្ម។ វាចេញរកស៊ីនៅពេលយប់ ប៉ុន្តែនៅពេលខ្លះរកស៊ីនៅពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។ ចំណីរបស់វាមានដូចជា ឃ្មុំ ព្រួត ឬសឈើ សត្វល្អិត រុក្ខជាតិ។ វាមានលក្ខណៈបន្ស៊ាំផងដែរទៅនឹងចំណីផ្សេងៗ។ ខ្លាឃ្មុំធំបង្កើតកូនម្តងបាន ១ ទៅ២ក្បាល បន្ទាប់ពីពពោះរយៈពេល ៧ទៅ៨ខែ។ ជួនកាលមានកូនរហូតដល់ ៣ ទៅ៤ក្បាល ប៉ុន្តែចំនួននេះកម្រនឹងមានណាស់។
កូនខ្លាឃ្មុំរស់នៅជាមួយមេរហូតដល់អាយុ ៣ ឆ្នាំ និងជួនកាលរហូតដល់មេរបស់វាមានកូនបន្ទាប់មួយទៀត។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។ សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ៕