ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១២ចំណុច ដើម្បីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩

ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១។

ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមរយៈការចងបដាតាមទីសាធារណៈ អំឡុងដើមខែមីនា ឆ្នាំ២០២១ ជាពិសេសដល់សហគមន៍ជនជាតិដើម ដែលរស់នៅលើទឹកដីភូមិសាស្រ្តរបស់ខ្លួន។

ទី៣៖ ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជនរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជនយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ លើកស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និងចេះរួមរស់ជាមួយគ្នាដោយភាពសាមគ្គីជាធ្លុងមួយ ព្រមទាំងមិនប្រកាន់និន្នាការនយោបាយ។

ទី៤៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នា ដើម្បីរិះរកមធ្យោបាយផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា ដល់សិស្សនិស្សិត ក្នុងស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្ន ដោយត្រូវអនុវត្តតាមវិធានការការពារ និងណែនាំរបស់ក្រសួងសុខាភិបាល។

ទី៥៖ ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយនូវខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា តាមលទ្ធភាពបច្ចុប្បន្នដែលអាចធ្វើបាន ជាពិសេស ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍គ្រប់ប្រភេទ។

ទី៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេសផ្សព្វផ្សាយខ្លឹមសារនៃទិវាវប្បធម៌ជាតិ ៣មីនា រួមមាន៖ ពាក្យស្លោក និងគំនូរផ្សាយឱ្យបានទូលំទូលាយ។

ទី៧៖ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិក ឱ្យរៀបចំផ្សព្វផ្សាយខ្លឹមសារ ទិវាវប្បធម៌ជាតិ ៣មីនា នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ តាមលទ្ធភាពជាក់ស្តែងបច្ចុប្បន្នដែលអាចធ្វើបាន។

ទី៨៖ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ទី៩៖ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយ និងរំលេចឡើងនូវលទ្ធផលការងារដែលចូលរួមថែរក្សា ការពារ អភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្សប្រកបដោយភាពរស់រវើកនិងមានតម្លៃលេចធ្លោជាសកល ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា។

ទី១០៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំផ្សព្វផ្សាយ និងបិទផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើការអប់រំដល់មហាជន ជាពិសេសក្នុងស្រទាប់យុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀត ក្នុងការចូលរួមថែរក្សាការពារ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

ទី១១៖ គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន សហគ្រាសរដ្ឋនិងឯកជន ត្រូវលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក និងបិទផ្សាយអាហ៊ូស តាមដងផ្លូវសាធារណៈ តាមអង្គភាពនិងលំនៅដ្ឋានរបស់ខ្លួនឱ្យបានព្រមៗគ្នាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

និងទី១២៖ ការចូលរួមសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ៕

 

nmr