ភ្លាមៗនោះ ខាងស្រី ក៏លោតទៅតាមក្រោយ ត្រូវបានម្ចាស់ទូក ជួយសង្គ្រោះបានខាងប្រុស។ ចំណែកខាងស្រី បាត់ខ្លួន រកមិនទាន់ឃើញ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ៥០ នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមដងទន្លេមេគង្គ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ម្ចាស់កាណូតទេសចរណ៍ សុខ ចំរើន បានឲ្យដឹងថា មុនពេលកើតហេតុ មានជនជាតិចិនប្រុសស្រី ៤ នាក់ បានជួលកាណូតទេសចរណ៍គាត់ ក្នុងតម្លៃ ១០ម៉ឺនរៀល អោយដឹកពួកគាត់ លំហែកាយតាមដងទន្លេ ជិះទៅវិញទៅមក និយាយសើចសប្បាយក្អាកក្អាយ ស្រាប់តែប្រុសស្រីជនជាតិចិន ២នាក់ ជាគូស្នេហ៍នឹងគ្នា បានឈ្លោះប្រកែកពាក្យសម្តីគ្នាយ៉ាងខ្លាំង ហើយពួកគាត់ ជាម្ចាស់ទូក មិនដឹងច្បាស់ថា ឈ្លោះគ្នា ដោយសារមូលហេតុអ្វីនោះទេ ព្រោះពួកគេនិយាយភាសាចិន។
ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីប្រកែកពាក្យសម្តីគ្នា មួយប្រ៉ាវ ស្រាប់តែបុរសជនជាតិ បានបោកទូរស័ព្ទដៃមួយគ្រឿងចោល រួចក៏លោត ចូលក្នុងទឹកតែម្ដង ភ្លាមៗនោះ ខាងស្រី ក៏លោតទៅតាមក្រោយ លិចចូលក្នុងទឹកបាត់ស្រមោលទាំងពីរនាក់។
ភ្លាមៗនោះ អ្នកបើកកាណូត បានឈប់ភ្លាមៗ ក្រឡេកឃើញបុរស ដែលលោតមុនផុសឡើង មកវិញ ពួកគាត់ ក៏បោះពោង និង ខ្សែជួយទាញសង្គ្រោះ បុរសជនជាតិចិននោះ បានទាន់ពេលវេលា។ ចំណែកនារីជនជាតិចិន ដែលលោតតាមក្រោយ បាត់ខ្លួន រកមិនទាន់ឃើញទេ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុ ម្ចាស់ទូកបានទៅរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន អោយដឹង និងបានចេញទូកជាច្រើនគ្រឿង ចេញជួយរកនារីរងគ្រោះ ប្រើរយៈពេលជាងមួយម៉ោង តែរកមិនឃើញ ក៏ចូលទូកអែបកៀនច្រាំង ហើយជនជាតិចិនប្រុស ២នាក់ទៀត បានគ្រាមិត្តភ័ក្ដិ ដែលលង់ទឹក ទៅមន្ទីរពេទ្យ បាត់ទៅ។ នៅយប់កើតហេតុនោះ ស្ត្រីរងគ្រោះ ជាជនជាតិ នៅតែបន្តបាត់ខ្លួន រកមិនទាន់ឃើញ នៅឡើយទេ៕