ព័ត៌មានថ្មីៗ

លោក ស៊ុន ចាន់ថុ បានជំរុញឲ្យកំពង់ផែស្វយ័ត្នភ្នំពេញ ពន្លឿនការអភិវឌ្ឍន៍កំពង់ផែរណបដោយប្រើថវិកាជាតិ ឬដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន

រាជធានីភ្នំពេញ ៖ អគ្គនាយកកំពង់ផែស្វយ័ត្នភ្នំពេញ បានកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍កំពង់ផែរណបនៅតាមទន្លេមេគង្គ និងទន្លេសាប ដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជួនតាមផ្លូវទឹកដែលមានកំណើន និងមានសារៈសំខាន់ជំរុញដល់ការបញ្ចុះថ្លៃដើមទំនិញ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងការខូចផ្លូវថ្នល់ជាដើម ។

មកដល់ពេលនេះគេបានដឹងថា មានគម្រោងចំនូន ៧ បានកំពុងសាងសង់ និងសិក្សានៅក្នុងនោះមានគម្រោង ៤ កន្លែងបានអនុម័ត ទីមួយគម្រោង ផែរណបគីឡូម៉ែត្រលេខ ៦ ទីពីរគម្រោងផែរណបនៅទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ទីបីផែរណកោះរកា ព្រំដែនវៀតណាម និងទីបួនផែរណព្រែកតាមាក់ ។ ចំណែកកំពង់ផែបីទៀតស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សានៅឡើយ ។

កំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ត្រូវគេដឹងថាគិតជាមធ្យមប្រចាំឆ្នាំមានចន្លោះពី ១៥% ទៅ ១៨% ។ ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ-១៩ ក៏ដោយ ដែលបរិមាណនេះបានឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី ១ និងទី ២ ដែលនាំឱ្យមានតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រ LM១៧ ដូច្នេះហើយទើបនៅចុងឆ្នាំឆ្នាំ ២០១៩ កំពង់ផែស្វយ័តភ្នំពេញបានអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី ១ នេះ ។

លោករដ្ឋមន្រ្តី បានសម្ដែងការគាំទ្រដល់ការបង្កើតផែរណប ១០០% និងបានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញសហការជាមួយផ្នែកឯកជនក្នុងការបង្កើត ផែរណបថែមទៀតឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក ។ លោកថា មានតែកំពង់ផែស្វយ័តតែមួយនៅភ្នំពេញមិនអាចដឹកទំនិញកសិផលនៅទូទាំងប្រទេសមកកំពង់ផែស្វយ័តភ្នំពេញបានទេ ។ លោកបានលើកឡើងពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញ កាត់បន្ថយការខូចខាតផ្លូវថ្នល់ ជាដើម ៕

 

 

nmr