ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អាជីវករទិញមាសនិងលក់មាសនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន ទិញប៉ះចំមាសចោរលួចគេពីបាត់ដំបង ដឹងរឿងផ្អើលពេញផ្សារ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោពេញផ្សារ ខណ:ពេលឃើញក្រុមមន្ត្រីនគរបាលនាំជនសង្ស័យម្នាក់ ដែលបានលួចគ្រឿងអលង្ការពីខេត្តបាត់ដំបង យកទៅលក់ដូរនៅតូបមួយចំនួន ក្នុងផ្សារប៉ៃលិន។ បន្ទាប់ពីចាប់ឃាត់ខ្លួន កម្លាំងនគរបាលបាននាំជនសង្ស័យមកឱ្យចង្អុលបង្ហាញនៅកន្លែងតូបលក់មាស ស្រាប់តែអាជីវករលក់ដូរក្នុងផ្សារផ្អើលឆោឡោចោមរោមមើល បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្សារមើលតែម្តង។
ហេតុការណ៍នគរបាលនាំចោរជនជាតិថៃ ទៅចង្អុលបង្ហាញតូបលក់មាសអាជីវករក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ថាវី ណងនុត ហៅមូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិថៃ មានស្រុកកំណើតប្រទេសថៃ ធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំ នៅប្រទេសថៃ ក្រោយចេញពីពន្ធនាគារក៏ឆ្លងដែនមកធ្វើសកម្មភាពលួចជាបន្តបន្ទាប់ នៅតាមព្រំដែនខេត្តបាត់ដំបង ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើន ដូចជាគ្រឿងអលង្ការ គ្រឿងមាស គ្រឿងពេជ្រ និងគ្រឿងត្បូង ព្រមទាំងថវិកាយ៉ាងច្រើននៅស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយបន្ទាប់ពីសួរនាំ ជនសង្ស័យបានសារភាពថា រូបគេយករបស់ទាំងនោះ មកលក់ដូរនៅផ្សារសាមគ្គី ហៅប៉ាហ៊ី ទើបកម្លាំងនាំទៅឱ្យបង្ហាញនៅទីតាំងលក់មាស ឈានដល់សួរនាំអាជីវករបន្ថែមទៀត។
ប្រភពដដែលបានបញ្ជាក់ថា ៖ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះ លេខ៦០ ក្រុមទី០៧ ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានចុះទៅចង្អុលបង្ហាញទីតាំងផ្សារ ប៉ាហ៊ីតូប លេខ០៦E ដែលមានម្ចាស់ឈ្មោះ ច័ន្ទ ឡាវ និឡាវណ្ណ (ទទួលផលចោរកម្ម) ដោយមានការចូលរួមពីលោកមេភូមិប៉ាហ៊ីត្បូង និងកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ប៉ៃលិន។

ក្រោយបានពិនិត្យជាក់ស្តែង ឃើញមានចិញ្ជៀន (លោហៈធាតុពណ៌លឿង) ចំនួន០១វង់ និងគ្រឿងមួយចំនួនទៀត ដោយមិនដឹងទៅណា (ម្ចាស់តូបមិនព្រមឆ្លើយ)។ ចំណែកតូបមួយទៀត បានបិទទ្វារ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ រហូតដល់វេលាម៉ោង០៤និង៤០នាទីរសៀល ដោយបាននាំម្ចាស់តូបឈ្មោះ ច័ន្ទ ឡាវ និឡាវណ្ណ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីស្រង់សាវតាជាតិ និងបាននាំខ្លួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តនីតិវិធី។

nmr