ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាំង៣០០០ លាននាក់ អំពីសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ នៅព្រឹកថ្ងៃដដែលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។ ក្នុងឱកាសនោះសម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុស-ស្រីប្រមាណ២៦៥លាននាក់ លេងកីឡានេះ និងប្រមាណ ៣,៥ពាន់លាននាក់ជាអ្នកគាំទ្រ។
កម្ពុជាមានកីឡាការិនី ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២០០០នាក់ និងមានជាង៣០០០នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់ កម្ពុជាមានប្រមាណជាង១០ម៉ឺននាក់។
ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាំង៣០០០ លាននាក់ អំពីសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តិទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នា២០២៣ ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ២០០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា៕