ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ផ្តើមចេញពីសំណួរចំនួន២ សម្តេចតេជោ ហ៊ុន សែន សម្រេចយកជីវិតធ្វើដើមទុនរំដោះប្រទេសនិងប្រជាជនពីរបបប៉ុលពត

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការតស៊ូរបស់សម្តេចដោយយកជីវិតធ្វើជាដើមទុនក្នុងការចេញតស៊ូជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ ៤រូបផ្សេងទៀត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ប្រវត្តិចេញតស៊ូរបស់សម្តេចក្នុងការរំដោះប្រទេសពីរបបប៉ុលពត ផ្តើមចេញពីសំណួរចំនួន២។ សំណួរទី១ បើសម្តេចមិនធ្វើការតស៊ូ តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងស្លាប់ និងមិនអាចដឹងបាននូវអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជានាសម័យនោះបានឡើយ។ សំណួរទី២ បើសម្តេចបានធ្វើការតស៊ូរំដោះប្រទេស តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងរស់រានមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជាក៏បានរស់រានមានជីវិត និងបានស្តារប្រទេសជាតិពីគំនរផេះផង់ បានបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំប្រទេសជាតិក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដែលប្រជាជនមានចំណូលមធ្យមកំរិតខ្ពស់ដូចពេលបច្ចុប្បន្ននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងការចេញតស៊ូដំបូងរបស់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត សម្តេចមានជំរើសចំនួន៤។ ជំរើសទី១ គឺការការប្រើប្រាស់កម្លាំងដែលស្មោះត្រង់ជាមួយសម្តេចប្រមាណ ២ពាន់នាក់ វាយគ្រប់គ្រងស្រុកមេមត់ ស្រុកស្នួល និងតំបន់ជិតខាងផ្សេងទៀតមកវិញ។ ប៉ុន្តែកងទ័ពរបស់សម្តេច ក៏នឹងត្រូវស្លាប់ក្នុងថ្លុកឈាមទាំងអស់ជាមិនខាន។ ជំរើសទី២ គឺការភៀសខ្លួនទៅកាន់ប្រទេសវៀតណាមដើម្បីបានរួចជីវិត ហើយរៀបចំការតស៊ូជាថ្មី។ ជំរើសទី៣ គឺការមិនធ្វើសកម្មភាពអ្វីទាំងអស់ ហើយទុកឲ្យពួកប៉ុលពត យកទៅសម្លាប់តែម្តង។ និងជំរើសទី៤ គឺការធ្វើអត្តឃាតដោយខ្លួនឯង។
ទោះយ៉ាងណានៅទីបំផុតទៅ សម្តេចតេជោ បានជ្រើសរើសយកជំរើសទី២ គឺការភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូរំដោះប្រទេសនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍មកវិញ។ សម្តេចថា បញ្ហានេះ មិនមែនជារឿងថ្មីថ្មោងរបស់កម្ពុជាទេ។ សម្តេចលើកឧទាហរណ៍ជាក់ស្តែង ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ សម្តេចព្រះ នរោត្តម សីហនុ ក៏ធ្លាប់បានពាក់ពឹងប្រទេសចិន និងវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបបលន់នល់ផងដែរ៕
nmr