ជីវិតនិងសង្គម ព័ត៌មានថ្មីៗ សុខភាព

ឃាត់ខ្លួនគ្រូពេទ្យពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីបានចាក់ថ្នាំប្រហែល១០មុខ ទៅលើអ្នកជំងឺម្នាក់ ក្នុងពេលតែមួយ បណ្តាលឲ្យអ្នកជំងឺស្លាប់។ កើតហេតុនៅវេលាម៉ោង ១៣ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចនគបាលស្រុកស្វាយលើ។

សមត្ថកិច្ចស្រុកស្វាយលើបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា ស្ត្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ន ស្រី ភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មុខរបរគ្រូពេទ្យបុរាណ។ ការឃាត់ខ្លួនពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ)។ ចំណែកជនរងគ្រោះឈ្មោះសេង ត្រេត​ ភេទស្រីអាយុ៣១ ឆ្នាំជាអ្នកជំងឺលើសឈាម មានទីលំនៅ ស្ថិតនៅឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀបរាប។

ករណីនេះសមត្ថកិច្ចស្រុកស្វាយលើមិនទាន់បញ្ជាក់លំអិតជុំវិញហេតុការណ៍នេះនៅឡើយទេ។ទោះជាយ៉ាងណា ផេកហ្វេសប៊ុក AngKor Chom OD ការិយាល័យស្រុកអង្គរជុំ បានបង្ហោះសារមួយថា៖ អ្នកជម្ងឺម្នាក់រស់នៅភូមិមួយ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លាប់ដោយសារពេទ្យគ្មានអាជ្ញាប័ណ្ណ។អ្នកជម្ងឺមានអាការៈស្លាប់១ចំហៀងខ្លួន ដោយសារជម្ងឺលើសឈាម និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះបីជាគ្រូពេទ្យប្រាប់ថាអ្នកជម្ងឺមិនអាចធូរស្រាលបានទេ និងត្រូវត្រឡប់មកថែទាំនៅផ្ទះវិញ ប៉ុន្តែបងប្អូនសម្រេចស្វែងរកការព្យាបាលតាមមធ្យោបាយផ្សេងវិញ។ បងប្អូនអ្នកជម្ងឺបានសម្រេចចិត្តឲ្យពេទ្យម្នាក់រស់នៅ បេងមាលា ស្រុកស្វាយលើ ស្ថិតក្នុងតំបន់គ្របដណ្ដប់របស់ស្រុកប្រតិបត្តិសូទ្រនិគមព្យាបាលដោយធានាថា មើល១ជា (យក៣លានរៀល)។ ក្រោយការព្យាបាលមិនបានមួយថ្ងៃ អ្នកជម្ងឺបានទទួលមរណភាពហើយ។ តែអ្វីដែលយើងហួសចិត្តនោះគឺពេទ្យប្រើថ្នាំប្រហែល១០មុខ ចាក់ទៅលើអ្នកជម្ងឺក្នុងពេល១ថ្ងៃ។ នេះជាការលំបាកមួយក្នុងការគ្រប់គ្រងសេវាសុខាភិបាលខុសច្បាប់។ ពិតហើយថាអ្នកជម្ងឺរស់នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិអង្គរជុំ តែបងប្អូនអ្នកជម្ងឺបានដឹកទៅព្យាបាលនៅ បេងមាលា ស្រុកស្វាយលើ។លោក ម៉ក់ សំអឿន ប្រធានការិយាល័យ សុខាភិបាលស្រុកអង្គរជុំ បានសរសេរនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លូនថា« គ្មានអ្នកណាឆោតជាងអ្នកឈឺ ព្រោះចង់ជា។ និទណ្ឌភាពក្នុងវិស័យសុខាភិបាល! ពេទ្យគ្មានអាជ្ញាប័ណ្ណគួរត្រូវបានផ្តន្ទាទោស តែជាក់ស្តែងពួកគេនៅតែគេចផុតពីសំណាញ់ច្បាប់ និងបន្តរកស៊ីដោយខុសច្បាប់ដដែល៕

nmr