ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សម្ដេចបានបានធ្វើការកត់សម្គាល់ថា មានកុមារមួយចំនួន បានធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ពួកគេ ដែលជាកម្មករសំណង់ មានទាំងអ្នកចំណាកស្រុកនៅក្នុងស្រុក និងចំណាកស្រុកទៅក្រៅប្រទេស។ សម្ដេចតេជោ សង្កត់ធ្ងន់ថា ក្រុមកុមារទាំងនោះ គឺត្រូវបាត់បង់ឱកាសចូលរៀន ដែលត្រង់នេះគឺទាមទារការពិនិត្យ និងរកដំណោះស្រាយរួម ។ សម្ដេចបន្តថា ឪពុកម្ដាយខ្លះទុកកូននៅស្រុកជាមួយជីដូន ជីតា ឬសាច់ញាតិ និងខ្លះនាំមកតាមខ្លួន។ ចំពោះអ្នកដែលទុកកូននៅស្រុកជាមួយជីដូនជីតា គឺទាមទារជាចាំបាច់ការយកចិត្តទុកដាក់ពីអាជ្ញាធរ មើលលើការសិក្សារបស់ពួកគេ។ ចំណែកឯឪពុកម្ដាយ ដែលបាននាំកូនមកជាមួយ ហើយមានការប្ដូរកន្លែងការងារញឹកញាប់ គឺត្រូវមានការសហការជាមួយបណ្ដាការដ្ឋានដើម្បីឲ្យកុមារបានចូលរៀន។
សម្ដេចតេជោ ហ៊ុន សែន ៖«មានរឿងមួយខ្ញុំគួរតែរំលឹកបន្តិច ឯកឧត្ដម ហង់ ជូនណារ៉ុន ជួយពិចារណាគ្នា ទៅលើការអប់រំសម្រាប់កុមារ និងយុវជន ដែលត្រូវធ្វើចំណាកស្រុក។ យោងទៅលើទិន្នន័យនៃការសិក្សា ឥឡូវខ្ញុំនិយាយពីចំណាកស្រុកនៅក្នុងស្រុកជាមុនសិន។ កម្មករសំណង់នៅក្នុងទីក្រុងភ្នំពេញ នាំទាំងកូនប្រពន្ធមកជាមួយ តើយើងត្រូវដោះស្រាយយ៉ាងម៉េចដើម្បីឲ្យកូនបានរៀន។ ខ្ញុំលើកជាឧទាហរណ៍អាចដោះស្រាយបាន នៅម្ដុំត្រង់ណាមួយមានការដ្ឋានសំណង់ ហើយមានសាលានៅក្បែរនោះ គឺខិតខំឲ្យក្មេងបានចូលរៀនសាលាក្បែរនោះ ហើយបើប្ដូរកន្លែងផ្សេង ត្រូវផ្ទេរក្មេងឲ្យបានរៀន នេះគ្រាន់ជាការគិតបឋមរបស់ខ្ញុំទេ បើមិនអញ្ចឹងទេ តើកុមាររបស់យើង បានទទួលចំណេះដឹងទេ។ នេះជាចំណុចដែលខ្ញុំសុំឲ្យគិតហើយឲ្យធ្វើ ព្រោះនាយករដ្ឋមន្រ្ដីផ្ដល់អនុសាសន៍ផង ក៏ជាបទបញ្ជាឲ្យធ្វើដែរ។ យើងឃើញកម្មករមកធ្វើការនៅទីក្រុង គាត់មានពីរយ៉ាង ម្យ៉ាងគាត់ផ្ញើកូនជាមួយជីដូនជីតា និងសាច់ញាតិនៅស្រុក ត្រង់ចំណុចនេះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះអ្នកផ្ញើកូនជាមួយឪពុកម្ដាយ ក្រែងលោការលំបាកណាមួយប៉ះពាល់ដល់ការសិក្សារបស់សិស្ស នេះជាទិដ្ឋភាពមួយបែបដែលគ្រួសារចង់ឲ្យកូនសិក្សានៅឯស្រុក»។
ដោយឡែកពាក់ព័ន្ធជាមួយកម្មករ ដែលទៅធ្វើការនៅក្រៅប្រទេសហើយនាំកូនទៅជាមួយ គឺភាគច្រើននៅប្រទេសថៃ ដែលត្រង់នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់លើពួកគេដូចគ្នាដែរ ដោយត្រូវធ្វើយ៉ាងណាឲ្យកុមារបានរៀនសូត្រ មិនថា ជាភាពសារខ្មែរ ឬក៏ភាសាថៃនោះទេ ត្រូវឲ្យពួកគាត់បានរៀនសូត្រ ដើម្បីចេះអក្សរ និងការពារកុំឲ្យកុមារដែលចេះអក្សរហើយភ្លេចអក្សរ។
សម្ដេចតេជោ ហ៊ុន សែន ៖«មួយផ្នែកទៀត ប្រហែលវាទាក់ទងជាមួយក្រសួងអប់រំ និងក្រសួងការងារ កម្មករចំណាកស្រុករបស់យើង ទៅកូរ៉េ ទៅជប៉ុន មិនមានលទ្ធភាពយកកូនទៅជាមួយទេ តែភាគច្រើនទៅប្រទេសថៃ គឺអាចនាំទៅ។ អ្នកទៅប្រទេសថៃគឺលទ្ធភាពដូចគ្នា មួយចំនួនផ្ញើកូនចៅនៅជាមួយជីដូនជីតា និងសាច់ញាតិ ឲ្យបន្តការរៀន ដែលយើងត្រូវយកចិត្តទុកដាក់ដូចគ្នានិងអ្នកចំណាកស្រុក នៅក្នុងស្រុក។ តែអ្នកដែលទៅដល់ប្រទេសថៃ តើយើងគួរដោះស្រាយយ៉ាងម៉េចឲ្យ ក្មេងបានរៀន បើទោះរៀនអក្សរខ្មែរក៏ដោយ អក្សរថៃក៏ដោយ គួររតែត្រូវឲ្យបានរៀន បើមិនអញ្ចឹងយើងចន្លោះប្រហោងនៅកន្លែងហ្នឹង អាចកុមារមួយចំនួនមិនចេះអក្សរ ឬបានរៀនហើយមិនបានអានអាចភ្លេចអក្សរ ខ្ញុំលើកជាការគិតគូបន្ថែមទៀតលើកម្មករ ទាំងចំណាកស្រុកនៅក្នុងស្រុក និងនៅក្រៅប្រទេស។ ធ្វើយ៉ាងម៉េចឲ្យមានការតភ្ជាប់ ចេញពីភូមិមកការដ្ឋានសំណង់មានក្មេងប៉ុន្មាននាក់ឲ្យបានរៀន បើគាត់ផ្លាស់ប្ដូរទៅកន្លែងផ្សេងយើងធ្វើការផ្ទេរ នេះទាល់តែមានផែនការរួមជាកញ្ចប់។ យើងត្រូវគិតឲ្យគ្រប់កុំទុកនណាម្នាក់នៅក្រៅចរន្ដអប់រំ នេះវិធីត្រូវយកចិត្តទុកដាក់»។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការអប់រំនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតលើវិស័យអប់រំជាអាទិភាព ដោយជំរុញឲ្យកុមារទទួលបានការសិក្សារៀនតាមគ្រប់មធ្យោបាយ៕