ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩

នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នេះ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់»។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី។
នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអត្ថន័យសំខាន់ៗខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសសំខាន់ៗមួយចំនួនទៀត ដែលបានអញ្ជើញមកដល់ខេត្តសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រ និង វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃភាព សុខដុមរមនា ក្នុងរវាងមនុស្ស ធម្មជាតិ និង វប្បធម៌ ទីកន្លែងដ៏ល្អមួយ សម្រាប់ការពិភាក្សាគ្នា អំពី «សន្តិសុខប្រកបដោយភាពសុខដុម» ។
សម្តេចតេជោសូមសម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រ័ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង។ កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខ សកល និង បរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិស្បៀងអាហារ និង ថាមពល ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។ ទន្ទឹមនេះ បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់ ទាំងទំហំ និងភាពញឹកញាប់ ។ សម្តេចតេជោបានមាសប្រសាសន៍ទៀតថា ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។
សម្ដេចតេជោបានបន្តទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញ ទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ផលប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ។ ក្នុងឋានៈជារដ្ឋតូចមួយ កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និងបើកចំហ ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូច គ្នានៅលើចំណុចនេះដែរ ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា កាលពីដប់ឆ្នាំមុន សម្តេចបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែល គ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ។កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយ ចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០។នាឱកាសនេះ សម្ដេចបានធ្វើការសង្ខេបជា ៣ចំណុច ទី១ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ចសម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទី២ យើងត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ បនិងទី៣ យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ​ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព ។
សម្ដេចតេជោបានបន្តទៀតថាមូលបទរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ។ នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ។ យើងត្រូវ ទទួលស្គាល់ និង រំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និង ស្ថិរភាព ។ ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ទន្ទឹមនេះ អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា។ ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖
១-លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។
២-លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។ យើងសូមស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។
៣-ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល។យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
៤-លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែ មានសារៈសំខាន់ ។
៥-លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើន ឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែនយើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។
សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និង កិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគា្ន, ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់យើង៕
nmr