ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំពិធីប្រគល់អំណោយឱសថជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីនាំយកអំណោយជាឱសថរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា មណ្ឌលកំពង់ចាម-ត្បូងឃ្មុំ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

 

អំណោយជាឱសថនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការរួមចំណែករបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ ក្នុងការគាំទ្រវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

 

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកពេទ្យទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាព្យាបាលដល់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃមន្ទីរពេទ្យនេះ ដែលជាសមិទ្ធផលដ៏ធំធេងមួយកើតចេញពីចំណងមិត្តភាពរវាងកម្ពុជា និងចិន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន។

 

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ ដែលបាននាំយកអំណោយដ៏មានតម្លៃនេះមកប្រគល់ជូនមន្ទីរពេទ្យ។ ឯកឧត្ដមបានគូសបញ្ជាក់ថា អំណោយទាំងនេះពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការឱសថរបស់មន្ទីរពេទ្យ និងលើកកម្ពស់គុណភាពនៃការព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

 

ពិធីប្រគល់ និងទទួលអំណោយនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមប្រតិភូអមដំណើរ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *