កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហាស្អែកនេះ នៅច្រកជាំ ខេត្តឧត្តរមានជ័យ

 

ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ នៅច្រកជាំ ខេត្តឧត្តរមានជ័យ។

 

ការឱ្យដឹងថា របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។

 

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ ដែលគ្រោងនឹងធ្វើនៅច្រកជាំខេត្តឧត្តរមានជ័យ»។

 

គួរឱ្យដឹងថា កិច្ចប្រជុំខាងលើនេះកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

 

សូមជម្រាបដែរថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

 

ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *