
ធានជីន, ចិន)៖ នៅរសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង២០ប្រទេស និងមេដឹកនាំអង្គការអន្តរជាតិមួយចំនួនទៀត ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន។
សូមបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO គឺជាអង្គការមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១។ បច្ចុប្បន្នអង្គការនេះមានសមាជិកពេញសិទ្ធិចំនួន១០ រួមមានចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ និងបេឡារុស។
អង្គការនេះ បានលេចចេញជារូបរាងតាំងតែពីឆ្នាំ១៩៩៦ម្ល៉េះ ក្នុងនាមជាប្លុកសន្តិសុខមួយមានឈ្មោះថា «Shanghai Five» ដែលត្រូវបានបង្កើតឡើងដោយចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន ដើម្បីផ្សះផ្សាជម្លោះព្រំដែនរបស់បណ្ដាប្រទេសទាំងនេះ បន្ទាប់ពីសង្រ្គាមត្រជាក់បិទបញ្ចប់ជាមួយការដួលរលំសហភាពសូវៀត។ រហូតដល់ខែមិថុនា ឆ្នាំ២០០១ ទើបអង្គការនេះបានប្ដូរឈ្មោះមកជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO ដោយបន្ថែមអ៊ូសបេគីស្ថានជាសមាជិក និងមានទីស្នាក់ការក្នុងទីក្រុងប៉េកាំង។ នៅឆ្នាំ២០១៧ SCO បានបញ្ចូលសមាជិកបន្ថែមដូចជាឥណ្ឌា និងប៉ាគីស្ថាន។ អ៉ីរ៉ង់បានចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០២៣ និងបេឡារុសនៅឆ្នាំ២០២៤។
លើសពីនេះទៅទៀត SCO ក៏មានដៃគូសន្ទនាចំនួន១៤ ផងដែរមានដូចជា អារ៉ាប៊សាអូឌីត អេហ្ស៉ីប តួកគីយ៉េ មីយ៉ាន់ម៉ា ស្រីលង្កា និងកម្ពុជា។
រដ្ឋជាសមាជិក SCO មានប្រជាជនសរុបជាង ៣ពាន់លាននាក់ ស្មើនឹងប្រមាណ ៤៣ភាគរយនៃប្រជាជនពិភពលោក និងតំណាង២៣ភាគរយ ឬជិតស្មើនឹង ១ភាគ៤ នៃសេដ្ឋកិច្ចពិភពលោក។
SCO ផ្តោតជាចម្បងលើកង្វល់ទាក់ទងនឹងសន្តិសុខ ដែលជារឿយៗពួកគេជជែកគ្នាពីបញ្ហាប្រឈមមុខដូចជាអំពើភេរវកម្ម ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយម៕
