អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា-ថៃ ចាំបាច់ត្រូវកសាងការវិវត្តន៍ជាវិជ្ជមានលើបញ្ហាព្រំដែន ដើម្បីលើកកម្ពស់សន្ដិភាព ស្ថេរភាព និងនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ

 

ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ភាគីកម្ពុជា-ថៃ មានភាពចាំបាច់ត្រូវតែកសាងការវិវត្តន៍ជាវិជ្ជមានលើបញ្ហាព្រំដែន ដើម្បីលើកកម្ពស់សន្ដិភាព ស្ថេរភាព និងនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅរក្សាផលប្រយោជន៍របស់ប្រជាជន។

 

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ប្រចាំថ្ងៃនោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ចាប់តាំងពីការចូលជាធរមាន នៃបទឈប់បាញ់មក យើងពិនិត្យឃើញមានការវិវត្តន៍ជាវិជ្ជមានជាបន្ដបន្ទាប់ និងមានការពិភាក្សាទ្វេរភាគីរវាងប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ RBC កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្ដិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនេះមិនត្រឹមតែប្រជាជនទាំងចង់បានប៉ុណ្ណោះទេ ប៉ុន្ដែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ។

 

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់មក យើងពិនិត្យឃើញមានការវិវត្តន៍ជាវិជ្ជមានជាបន្ដបន្ទាប់ និងមានការពិភាក្សាទ្វេរភាគីរវាងប្រទេសទាំងពីរ […] ដូច្នេះវាជាការចាំបាច់ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្តន៍ជាវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្ដិភាព ស្ថេរភាព និងជាពិសេសនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។

 

បន្ថែមពីនេះ កម្ពុជាបន្តទាមទារឲ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ។ កម្ពុជាមិនទុកឲ្យសមាជិករបស់ខ្លួនណាម្នាក់ឯកោជាដាច់ខាត។

Leave a Reply

Your email address will not be published. Required fields are marked *