ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា មកទល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ចំនួន៥ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM កំពុងបន្ដបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានការណ៍តាមបន្ទាត់ព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដែលមានតំណាងមកពី៥ប្រទេសចូលរួម គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ឡាវ ហ្វីលីពីន និងវៀតណាម ដែលដឹកនាំអនុព័ន្ធយោធាម៉ាឡេស៉ី ប្រចាំកម្ពុជា ដែលបានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ និងបានពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍ កំពុងបន្ដបំពេញបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន។ បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ គឺកើតចេញពីលទ្ធផលក្នុងកិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ»។
បើតាមអ្នកនាំពាក្យរូបនេះ, ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាថា ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន IOT ដែលមានសមាសភាពជាអនុព័ន្ធយោធា នៃប្រទេសជាសមាជិកអាស៊ានប្រចាំ ឬទទួលបន្ទុកនៅប្រទេសកម្ពុជា ឬប្រទេសថៃ និងដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី និងរៀបចំដោយឡែក និងឯកភាពតាមប្រទេសរៀងៗខ្លួនដើម្បីសង្កេតការណ៍ជាប្រចាំ លើការអនុវត្តបទឈប់បាញ់។
សមាសភាពនៃក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នរបស់ប្រទេសនីមួយៗ នឹងត្រូវអញ្ជើញដោយឯករាជ្យដោយប្រទេសម្ចាស់ផ្ទះ ដោយមានការពិគ្រោះយោបល់ជាមួយម៉ាឡេស៉ី។ ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន នឹងប្រតិបត្តិការការងាររបស់ខ្លួនដោយមិនត្រូវឆ្លងព្រំដែន និងធ្វើការដោយពិគ្រោះយោបល់ សម្របសម្រួលយ៉ាងជិតស្និតជាមួយ RBC និង GBC ក្នុងប្រទេសរៀងៗខ្លួន៕

