
កណ្តាល)៖ ដោយមានការណែនាំ និងទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពីលក្ខណៈភូមិសាស្រ្ត និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបានថ្លែងការកោតសរសើរដល់លោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលខេត្តកណ្តាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តបានល្អប្រសើរ ទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។
បន្ថែមពីលើនេះផងដែរ លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានលើកឡើងនូវសភាពការណ៍ថ្មីៗរវាងកម្ពុជា-ថៃ ដែលបានធ្វើសកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់មួយចំនួនរួមមាន៖ លើកកម្ពស់ស្មារតីសាមគ្គីភាព និងគោរពវិន័យរបស់កម្លាំងនគរបាលជាតិ, ត្រូវបង្កើន និងយកចិត្តទុកដាក់បង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ, ត្រូវប្តេជ្ញាការពារយ៉ាងមុះមុតនូវបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់, ត្រូវបង្កើននូវការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន, ត្រូវប្រមូលផ្តុំកងកម្លាំង ដើម្បីទ្រទ្រង់សភាពការណ៍ដែលបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែន, ត្រូវធ្វើការត្រួតពិនិត្យ និងយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលបានវិលចូលមកពីប្រទេសថៃ ចូលកម្ពុជា, ត្រូវបង្កើន និងយកចិត្តទុកដាក់អនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, គ្រប់គ្រងព័ត៌មាន សំដៅលើការត្រួតពិនិត្យ និងចេះវាយតម្លៃចំពោះប្រភពព័ត៌មានដែលមានប្រភពផ្លូវការច្បាស់លាស់៕
