រដ្ឋមន្ត្រីការបរទេសចិន៖ ចិន គាំទ្រកម្ពុជានិងថៃ ក្នុងកិច្ចការផ្សះផ្សាគ្នាឡើងវិញ

ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា បាននិយាយថា ចិនគាំទ្រកម្ពុជា និងថៃ នៅក្នុងការដោះស្រាយជម្លោះព្រំដែន ហើយនឹងផ្ដល់ជំនួយទៅតាមការចង់បាន របស់ប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

 

លោក Wang Yi បាននិយាយថាចិនក៏គាំទ្រផងដែរដល់ប្រទេសទាំង២ ក្នុងការពង្រឹងកិច្ចសន្ទនា និងសង្ឃឹមថា ពួកគេនឹងកសាងទំនុកចិត្តរវាងគ្នា ក៏ដូចជាស្ដារមិត្តភាពឡើងវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រមុខការទូតចិន ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ចំនួន២ ចេញផ្សាយដោយក្រសួងការបរទេសចិន បន្ទាប់ពីរូបលោកបានជួបសមភាគីកម្ពុជា និងថៃរបស់លោកដាច់ដោយឡែកពីគ្នា នៅឯកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។

 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa លោក Wang Yi បានលើកឡើងពីការត្រៀមលក្ខណៈរបស់ចិន ដើម្បីពន្លឿនការស្ថាបនាផ្លូវដែកចិន-ថៃ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន វិនិយោគក្នុងប្រទេសថៃ និងដើម្បីធានាសិ្ថរភាពនៃខ្សែក្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម។ ដោយឡែក នៅឯជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Prak Sokhonn លោក Wang បានបង្ហាញការគាំទ្រដល់កម្ពុជា ក្នុងការថែរក្សាស្ថិរភាពនយោបាយ ហើយថាចិនកោតសរសើរដល់កម្ពុជាក្នុងការបង្រ្កាបបណ្ដាញល្បែងអនឡាញ និងការឆបោក៕

Leave a Reply

Your email address will not be published. Required fields are marked *