
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា លោក ជុំ សុន្ទរី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការប្រឌិតព័ត៌មានរបស់ភាគីថៃថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ា ចូលរួមដើម្បីប្រឆាំងជាមួយកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោក ជុំ សុន្ទរី បានអះអាងថា កិច្ចប្រជុំស្អែកនៅទីក្រុងបាងកក គឺជាកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកក ហើយគ្រាន់តែជាអញ្ជើញអង្គទូតដើម្បីមកផ្ដល់ព័ត៌មានប៉ុណ្ណោះ ដែលនេះក៏មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ាឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការកែតម្រូវ ចំពោះការរៀបរាប់បំភ័ន្ដការពិតដែលថានឹងមានកិច្ចប្រជុំផ្លូវការមួយរបស់បណ្ដាប្រទេសសមាជិកនៃអនុញ្ញាតអូតាវ៉ា នៅទីក្រុងបាងកក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ […] ព្រឹត្តិការណ៍នៅទីក្រុងបាងកក វាជាការប្រជុំផ្ដល់ព័ត៌មានជូនចំពោះអង្គទូត ដែលរៀបចំឡើងដោយភាគីថៃ មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ាឡើយ»។
បើតាមលោក ជុំ សុន្ទរី, អនុសញ្ញាអូតាវ៉ា គ្រោងធ្វើកិច្ចប្រជុំរបស់បណ្ដាប្រទេសជាសមាជិករបស់ខ្លួនមួយដងក្នុងមួយឆ្នាំ ក្រោមការសម្របសម្រួលរបស់ប្រធានបច្ចុប្បន្ន។ កិច្ចប្រជុំផ្លូវការបន្ទាប់របស់បណ្ដារដ្ឋជាសមាជិក នឹងប្រព្រឹត្តទៅនៅទីក្រុងហ្ស៉ីណែវ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមភាពជាប្រធានរបស់ជប៉ុន។
លោកបន្ដថា ការចូលរួមរបស់ប្រទេសសមាជិកអនុសញ្ញាអូតាវ៉ា នៅទីក្រុងបាងកក បង្ហាញអំពីកុងសង់ស៉ីប្រឆាំងកម្ពុជា ដែលជាការរៀបចំរបស់ប្រទេសថៃនោះ មិនមែនជាការបង្ហាញការគាំទ្រនៃការលើកឡើងណាមួយឡើយ៕
