
ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ជាប្រយោជន៍ធំធេងសម្រាប់ប្រទេសទាំងពីរ ក្នុងការបញ្ចប់ការខូចខាតទាំងផ្នែកយោធា ជនស៉ីវិល និងផ្នែកសេដ្ឋកិច្ច ព្រមទាំងបញ្ចៀសផលប៉ះពាល់លើសន្ដិសុខក្នុងតំបន់ទាំងមូល។
តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា គោរពយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៉ី ដែលមានម៉ាឡេស៉ី ធ្វើជាម្ចាស់ផ្ទះ មានសហរដ្ឋអាមេរិក សហរៀបចំ និងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៉ី ដែលមានម៉ាឡេស៉ី ធ្វើជាម្ចាស់ផ្ទះ មានសហរដ្ឋអាមេរិក សហរៀបចំ និងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងឈប់បាញ់នេះចូលជាធរមានតាំងពីពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដាដដែល។ កម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់នេះ មានប្រយោជន៍ធំធេងក្នុងការបញ្ចប់ការខូចខាត ទាំងផ្នែកយោធា ជនស៉ីវិល និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាបញ្ចៀសផលប៉ះពាល់លើសន្ដិសុខក្នុងតំបន់ទាំងមូល»។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផល១៣ចំណុច ដែលបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី ដែលមានម៉ាឡេស៉ី សហរដ្ឋអាមេរិក និងចិន ចូលរួមសង្កេតការណ៍។ កម្ពុជា ស្វាគមន៍លទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ RBC កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តត្រាត ប្រទេសថៃផងដែរ។
លោកបានបន្ថែមទៀតថា ឆ្លងតាមជំហរយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់របស់កម្ពុជាដែលបានបង្ហាញជូនជាបន្ដបន្ទាប់ ចាប់តាំងពីមុនថ្ងៃផ្ទុះអាវុធមកម្ល៉េះ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ សហគមន៍អន្ដរជាតិ ប្រាកដណាស់នឹងយល់ច្បាស់អំពីទឹកចិត្ត បេះដូងរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងតែប្រកាន់ជំហរសន្ដិភាព និងការដោះស្រាយបញ្ហាដោយសន្ដិវិធី ឈរលើគោលការណ៍បច្ចេកទេស និងច្បាប់អន្តរជាតិ៕
