
ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។
តាមរយៈការសង្ខេបព័ត៌មានប្រចាំថ្ងៃ បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់នេះដែរ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីដែរថា កម្ពុជាក៏នៅតែបន្តអំពាវនាវឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រគល់យោធិនទាំង ១៨រូប ឱ្យបានជួបជុំគ្រួសារឡើងវិញផងដែរ៕
