ជនសង្ស័យខាងលើនេះមានឈ្មោះ សារ៉ាន សុជាតា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ្នករកស៊ី ស្នាក់នៅផ្ទះលេខB៦០.៦២ ផ្លូវលេខ៧២២A ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ គឺបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន។ ចំពោះអង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹកដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។ មូលប្បទានប័ត្រនោះ តម្រូវឲ្យដើមបណ្តឹងទៅបើកប្រាក់នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ ព្រោះតែមានការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យគ្រប់ចំនួន។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ។ ចាប់ពីពេលនោះមក ដើមបណ្តឹងទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួនមិនចូលដោះស្រាយបំណុលដែលខ្ចីដើមបណ្តឹងទៀតផង ម្ល៉ោះហើយទើបដើមបណ្តឹងដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង។
លើសពីនេះ ជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ ដែលលេងជាមួយដើមបណ្តឹង និងបានដេញប្រមូលយកប្រាក់អស់ ហើយគេចខ្លួន ដោយមិនបានបង់ឲ្យមេវិញនោះទេ ធ្វើឲ្យមេតុងទីនរកលុយសងជំនួសជាច្រើន រហូតថា មេតុងទីនបោ.កកូនតុងទីន។ ប៉ុន្តែដូចឃើញស្រាប់ហើយ ប៉ុន្មានករណីកន្លងមកនេះ កូនតុងទីនទេដែលបោ.កមេតុងទីន និងប្រមូលទឹកលុយយ៉ាងច្រើន ដូច្នេះចង់និយាយថា មិនប្រាកដមេតុងទីនទាំងអស់សុទ្ធតែអាក្រក់នោះទេ កូនតុងទីនមួយចំនួនក៏បានធ្វើបាបមេតុងទីនឲ្យចេញលុយសងជំនួសក្នុងទឹកប្រាក់ជាច្រើនផងដែរ រហូតទាល់តែមេជំពាក់កូនតុងទីនវិញ ហើយត្រូវគេប្តឹងផ្តល់ដាក់ពន្ធនាគារ ថែមទៀតផង។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចទុកពេលឲ្យជួបដោះស្រាយបំណុលជាមួយដើមបណ្តឹងដែរ ប៉ុន្តែដោយគ្មានលទ្ធភាពរកប្រាក់ពុំបាន ទើបត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមនីតិវិធី។