ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនចំនួន ៩៦២នាក់ ក្នុងនោះនៅស្រុករលាប្អៀរ ៦៨៩នាក់ និងស្រុកបរិបូណ៌ ២៧៣នាក់ ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អគ្គលេខាធិការ បានពាំនាំនូវក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន្ត្រីតយុទ្ធជនកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន ទាំងអស់ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ជានិច្ចកាល សម្ដេចតេជោប្រធានសមាគមអតីតយុវជនកម្ពុជា តែងតែណែនាំដល់ឯកឧត្តម ឲ្យចុះសួរសុខទុក្ខដល់បងប្អូនអតីតយុវជនទូទាំងប្រទេសកម្ពុជា និយាយរួមនិយាយដោយឡែក ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់ ត្រូវយល់ចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជនក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់អតីតយុទ្ធជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ឬរៀងរាល់៣ម្តង ព្រោះបងប្អូនមានប័ណ្ណពិនិត្យសុខភាពមិនអស់ថវិកាគ្រប់ៗគ្នាហើយ ៕