ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជសារអបអរសាទរខួបទី៦៥ នៃការបង្កើតចំណងការទូត កម្ពុជា-រុស្ស៊ី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៥ ការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ទន្ទឹមគ្នានេះ អ្នកវិភាគបានមើលឃើញថា ក្នុងរយៈពេល៦៥ឆ្នាំនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា -រុស្ស៊ី មានភាពរឹងមាំ និងគោរពអធិបតេយ្យភាពរវាងគ្នា និងគ្នាបានយ៉ាងល្អប្រសើរ ខុសពីបណ្តាប្រទេសមហាអំណាចមួយចំនួន។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះគឺជាខួបលើកទី៦៥ឆ្នាំ នៃទំការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា -រុស្ស៊ី (១៣ឧសភា ១៩៥៦-១៣ឧសភា ២០២១)។ក្នុងឱកាសនេះដែរ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៥ ការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។
យ៉ាងនាក្នុងទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំមកនេះ លោកបណ្ឌិតគិន ភា អ្នកវិភាគនយោបាយ បានចាត់ទុកថា រុស្ស៊ីជាប្រទេសធំមួយដែលប្រកាន់យកគោលនយោបាយសតិសហវិជ្ជមាន ពោលគឺការមិនជ្រែតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាមិត្ត ដែលផ្ទុយពីប្រទេសមហាអំណាចមួយចំនួនដែលតែងតែជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចៗ ដើម្បីតែការពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួន។
ដោយឡែកពាក់ព័ន្ធទៅនិងវិស័យសេដ្ឋកិច្ចពាជ្ជកម្មវិញ លោកបណ្ឌិតគិន ភា បានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរនៅមានកម្រិតនៅឡើយជុំវិញបញ្ហានេះ ដែលទាមទារឲ្យប្រទេសទាំងពីរត្រូវពង្រឹងបន្ថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កសិកម្ម និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។
សូមបញ្ជាក់ជូនថា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្សី មានចំនួន៦៣,៨១លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មាន៥៥.៣៦លានដុល្លារអាមេរិកប៉ុណ្ណោះ ។ដោយឡែក អ្នកទេសចររុស្ស៊ី បានមកទស្សនាកម្ពុជា មានចំនួន ៥៥,៦៥៣នាក់ នៅឆ្នាំ២០១៩ សង្ឃឹមថា ចំនួនអ្នកទេសចរ រុស្ស៊ីមកកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់នៅបណ្តាឆ្នាំខាងមុខ នៅពេលដែលវិបត្តិជំងឺកូវិដ១៩បានបញ្ចប់៕
nmr