ភ្នំពេញៈ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកា ចំនួន ៤០០០ដុល្លារ និងម៉ាសចំនួន៣០០០បន្ទះ ជូនដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរខួប៧២ឆ្នាំ (៤-៦-១៩៤៩ – ៤-៦-២០២១) ថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។
ដោយសាបញ្ហាជម្ងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ សហគមន៍ខ្មែរកម្ពុជាក្រោមបានលើកពេលប្រារព្ធទិវាដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមិថុនា ទៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វិញ។
លោកថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយបានឲ្យដឹងថា លោក កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង និងលោក ឡាច សុភាព ប្រធានពិធីការ និងសហការី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាដែលជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០០០ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលចំនួន ៣០០០ដុល្លារ និងម៉ាសចំនួន៣០០០បន្ទះ ជូនដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរខួប៧២ឆ្នាំ (៤-៦-១៩៤៩ – ៤-៦-២០២១) ថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។
លោកថាច់ សេដ្ឋា បានបញ្ជាក់ថា ឆ្នាំនេះ ដោយសាបញ្ហាជម្ងឺឆ្លងរលាកផ្លូវដង្ហើម កូវិដ១៩ យើងខ្ញុំសម្រេចពន្យាពេលរហូតដល់ថ្ងៃទី២៧ខែមិថុនាវិញ ហើយប្តូរពីរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ មកជាចែកអំណោយទានដល់ប្រជារាស្រ្តខ្មែររងគ្រោះដែលកំពុងប្រឈមនឹងការខ្វះខាតចំនួន១៩៤៩គ្រួសារវិញផងដែរ។ ការប្រោសព្រះរាជទាននេះ គឺជាការបង្ហាញអោយឃើញយ៉ាងច្បាស់នូវការប្រោសព្រះរាជទាននូវភាពកក់ក្តៅ និងមហាកិត្តិយសដ៏ធំធេង ដល់ព្រះសង្ឃនិងប្រជានុរាស្រ្តខ្មែរកម្ពុជាក្រោមយ៉ាងពិតប្រាកដ៕