ព័ត៌មានថ្មីៗ

ចូលរួម ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភី ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០

បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។

 

ឈរលើលទ្ធផលនះ អត្តពលិកកម្ពុជា ដែលដណ្តើមមេដាយពីលើឆាកអន្តរជាតិតែងតែទទួលបាន ការលើកទឹកចិត្ត និងថវិកាជាតិជាប្រាក់រង្វាន់តាមគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលតែងបានលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី នូវរាល់ការប្រកួត ទាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេស គឺកម្ពុជាបាននិងកំពុងកសាងកិត្តិយសដ៏ធំធេងតាមរយៈការយកឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលធំធេង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ លើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលយើងបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង៕

 

រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

 

nmr