-
- (ក្រចេះ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រជាសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ អង្គការ WWF និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សត្វផ្សោតប្រៀបដូចជាប្រាសាទអង្គរទីពីរយ៉ាងដូច្នេះដែរ។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយប្រមាណ នាក់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
សហគមន៍កោះព្រហ្មចារីយ៍ ជាសហគមន៍អេកូទេសរណ៍ថ្មីមួយនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាសហគមន៍នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពលអេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។
លោកបានបន្តថា ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះបានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាលសម្រាប់វិស័យទេសចរណ៍ជាតិ។
ដោយសារចេះតែមានការរំខានធ្វើឱ្យសត្វផ្សោតបាត់បង់ជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ អ្នកប្រកបរបរនេសាទ ក៏ដូចជាអង្គការ WWF និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោត ក៏ដូចជាសត្វព្រៃដទៃទៀត (សត្វក្ដាន់) ឱ្យបាននៅគង់វង្សតទៅមុខទៀត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរនានា។
ឯកឧត្តមបានស្នើប្រជាពលរដ្ឋកុំទៅនេសាទនៅកន្លែងសត្វផ្សោតរស់នៅ ពីព្រោះសត្វប្រភេទនេះងាយនឹងរងគ្រោះថ្នាក់ណាស់ និងមានការកកើតយឺត មិនអាចរំខានដល់ការរស់នៅរបស់ពួកវាបានឡើយ។
នៅពេលប្រជាពលរដ្ឋថែរក្សាសត្វផ្សោតបានរស់នៅគង់វង្សហើយ ប្រជាពលរដ្ឋអាចងាកមកប្រកបមុខរបរបម្រើសេវាកម្មជូនភ្ញៀវទេសចរ នោះប្រជាពលរដ្ឋនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍ និងការចូលរួមអភិរក្សសត្វផ្សោត និងសត្វព្រៃដទៃ ពិសេសគឺទទួលបានប្រាក់ចំណូលច្រើនជាងការនេសាទ ជាងការកាប់ព្រៃឈើ ឬការបរបាញ់សត្វនោះទៅទៀត។
ឯកឧត្តម ថោង ខុន ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ត្រូវពង្រឹងការបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មជូនភ្ញៀវឱ្យបានជាប្រចាំ ដើម្បីបង្កើនគុណភាពសេវាកម្មជូនភ្ញៀវទេសចរ បង្កើនការផ្សព្វផ្សាយអំពីគោលដៅរបស់ខ្លួន និងបង្កើនការទាក់ទាញភ្ញៀវបន្ថែមទៀតផងដែរ។ ប្រជាសហគមន៍ត្រូវចេះចិញ្ចឹមសត្វ ដាំបន្លែ ផ្លែឈើ និងពង្រីកផលិតផលទេសចរណ៍ក្នុងសហគមន៍របស់ខ្លួនឱ្យកាន់តែច្រើន ត្រូវចេះច្នៃអ្វីដែលសហគមន៍មានឱ្យក្លាយទៅជាផលិតផលទេសចរណ៍សម្រាប់បង្ហាញទៅកាន់ភ្ញៀវទេសចរ នៅពេលពួកគេមកទស្សនានៅក្នុងសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តក្រចេះជួយសម្រួលការចរចាជាមួយរមណីដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីមានភ្ញៀវមួយចំនួនចង់មកទស្សនាសហគមន៍ ដោយភ្ជាប់ខ្សែរទស្សនកិច្ចពីរមណីដ្ឋានអន្លង់ផ្សោតកាំពី ហើយសូមឱ្យមានការទំនាក់ទំនងជាមួយសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានកម្រៃពីការបម្រើសេវាកម្មជូនភ្ញៀវទេសចរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រក៏បានស្នើទៅកាន់លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក្នុងនាមតំណាងផ្នែកឯកជន ជួយផ្សព្វផ្សាយអំពីសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ និងរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់តំបន់នេះឱ្យបានកាន់តែច្រើន។
សូមជម្រាបថា សហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ សម្បូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីន រួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (ពិសេសគឺសត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រក៏ស្ថិតនៅតំបន់នេះផងដែរ។ នៅទីនេះទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទន្សនាសត្វស្លាប សម្រាកលម្ហែ ងូតទឹកកម្សាន្ត និងពិសាអាហារនៅតាមកោះស្អាតៗជាច្រើន។ សហគមន៍ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍ផងដែរ៕