ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភថវិកា២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្សែង

រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្លែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

 

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូល លោក ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

 

សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹងមួយ នៅកណ្តាលក្រុងបានលុង បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រ នៅរដូវទឹកឡើង មានធារទឹកបិទបើក១ មានផែរឈើ១ (៣០ម៉ែត្រ គុណ១០ម៉ែត្រ) និងមានអាស្រមលោកតាជួង១។ ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយនៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ។

 

មានផ្លូវបេតុងក្រវាត់៧០% ជុំវិញបឹង ដោយសារថាក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសពិធីបុណ្យអ៊ុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀគរពីសប្បុរសជននានា។

 

បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពុងធ្វើ៖

 

*បារចក សារ៉ាយ កម្ទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើរួចពង្រាបដាំដើមឈើ និងផ្កា

*កំពុងកសាងរូបអក២ (ញី ឈ្មោល) ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំលេងមាសលោក ស៊ីន ស៊ីសាមុត និងសត្វទោមអម១ ចំនួននៅផ្នែកខាងកើត

*កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹង និងកន្លែងអង្គុយកម្សាន្ត

*កំពុងកសាងអាស្រមតាជួង ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ឡើងវិញឱ្យស្អាត នៅទីតាំងដដែល

*រៀបសួនសម្រាប់កម្សាន្ត និងហាត់ប្រាណផ្នែកខាងលិច

*ដាំឈើ និងផ្កាក្រោយ និងចំហៀងមន្ទីរសុខាភិបាលលើដីដែលស្តារពីបឹង

*សង់បន្ទប់ទឹកអនាម័យសាធារណៈ១ (ប្រុស២ ស្រី២ និងក្រឡបត់ជើងតូចបុរស៥)

*សំអាត និងពង្រាបដីដាំស្មៅឱ្យទីវាលស្មៅធំលំអដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោង…សម្រាប់អង្គុយលេង និងមានកន្លែងរត់កីឡា

*បានបំពាក់ឧបករណ៍ហាត់ប្រាណ៤កំប្លេររួចរាល់នៅផ្នែកខាងត្បូង៕

nmr