ក្នុងឱកាសនៃជំនួប ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ”ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ។
សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជេីងគោក ជេីងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕
——