ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន ១០៨ ជូនដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ បានគូសបញ្ជាក់ថា សម្ភារបន្ថែមដែលបានផ្តល់ជូននេះ គឺដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និ ងក្រុមការងារបានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេសសម្រាប់ជនពិការភាព។
ការគិតគូរ និងផ្តល់រទេះរុញនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះ ចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីកសេវាសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាកម្មវិធីនយោបាយអាទិភាព ១ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថារទេះរុញទាំង ១០៨ នេះដែលត្រូវបានចែកដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តក្រចេះនេះ ជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ទីរសុខាភិបាល មន្ត្រីបុគ្គលិកទាំងអស់បន្តផ្តល់សេវាជូនពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវ។
ឯកឧត្តមបានកត់សម្គាល់ថាសេវាសុខាភិបាលនៅក្នុងខេត្តក្រចេះមានភាពល្អប្រសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយបណ្តាខេត្តមួយចំនួននៅជុំវិញខេត្តក្រចេះបានមកទទួលសេវានៅខេត្តក្រចេះផងដែរ៕