ព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជា កំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ………

នាព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សេដ្ឋកិច្ចឌីជិថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ដលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា” ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកនាយកប្រតិបត្តិ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ទទួលបន្ទុករៀបចំ និងអនុវត្តគោលនយោបាយ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដែលនឹងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយដោយផ្តោតលើអនាគតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងវិធីសាស្រ្តដែលអាចឱ្យយើងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចប្រកប ដោយចីរភាពរបស់វិទ្យាស្ថាន ERIA ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។

ថ្លែងក្នុងពិធី លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជាកំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនមិនធ្លាប់មានពីមុនមកក្រោយពេលជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត និងភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលការរីកចម្រើនធំធាត់នៃវិស័យនេះ ត្រូវបានជំរុញ និងគាំទ្រដោយសហគ្រិនដែលមានគំនិតច្នៃប្រឌិត ប្រជាជនវ័យក្មេង និងការកើនទ្បើងនូវកម្រិតអន្តរទំនាក់ទំនងឌីជីថល (Digital Interconnection)។

លោកជំទាវរដ្ឋមន្រ្តីបន្តថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគោលបំណងទាញប្រយោជន៍ពីបច្ចេកវិទ្យាក្នុងការជំរុញប្រសិទ្ធភាពសង្គម និងសេដ្ឋកិច្ច ដែលតាមរយៈក្របខ័ណ្ឌ និងគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅ សំខាន់ៗចំនួនប្រាំរួមមាន៖ (១). ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល (២).ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ ឌីជីថល (៣). ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល(៤). ការកសាងភាពជឿទុកចិត្តក្នុងប្រព័ន្ធឌីជីថល និង (៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថលតាមរយៈមជ្ឈមណ្ឌល E-DISC ក្នុងសិក្ខាសាលានេះ ក៏ដូចជា នៅក្នុងការចូលរួមនាពេលអនាគតបន្តទៀត លោកជំទាវរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖ (១). ត្រូវបង្កើនការយល់ដឹងរួមរបស់យើង អំពីប្រព័ន្ធអេកូទ្បូស៊ីឌីជីថលនៅកម្ពុជា និងនៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀត (២). ត្រូវមានសមត្ថភាពលើកកម្ពស់គោលនយោបាយនវានុវត្តន៍ ដែលសម្រួលដល់ ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុននានានៅក្នុងសេដ្ឋកិច្ចឌីជីថល (៣). ត្រូវដោះស្រាយបញ្ហាប្រឈមដែលម្ចាស់ធរុកិច្ចបាននឹងកំពុងជួបប្រទះ តាមរយៈគំនិតផ្តួចផ្តើមមូលដ្ឋាន ដោយប្រើចំណេះដឹង និងជំនាញដែលទទួលបានពីសិក្ខាសាលានេះ ដោយចាប់យកប្រព័ន្ធអេកូទ្បូស៊ីសេដ្ឋកិច្ចឌីជីថល ឱ្យបានកាន់តែទូលំទូលាយ។

nmr