ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យលោកស្រី កាក់ សុវណ្ណនី ប្រធាននាយកដ្ឋានប្រតិបត្តិការអាស៊ី និងក្រុមការងាររបស់ធនាគារ ABA ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រីប្រធាននាយកដ្ឋានប្រតិបត្តិការអាស៊ី បំពេញការងារ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះការផ្សព្វផ្សាយនូវសកម្មភាព និងសេវាកម្មផ្សេងៗរបស់ធនាគារ ABA នៅកម្ពុជា ដល់ក្រុមហ៊ុនវិនិយោគជប៉ុននៅក្នុងប្រទេសជប៉ុនផ្ទាល់ ទាំងនេះបង្ហាញពីភាពរីកចម្រើននៃប្រព័ន្ធធនាគាររបស់កម្ពុជា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត និងលោកស្រីប្រធាននាយកដ្ឋានប្រតិបត្តិការអាស៊ីរបស់ធនាគារ ABA បានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់គ្នាដើម្បីជំរុញការផ្សព្វផ្សាយ និងសហប្រតិបត្តិការលើវិស័យសេវាកម្មធនាគារដល់ក្រុមហ៊ុនជប៉ុននានា ដែលមានគម្រោង និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
ដោយ ផែន រតនៈ (ប្រភពស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន)
——