ព័ត៌មានថ្មីៗ

កូនត្រីសរុបប្រមាណ៦០០០០ក្បាល ត្រូវបាននាយការិយាល័យទី៤ កងទ័ពជើងគោក ព្រលែងដើម្បីជម្រុញក្នុងចលនាប្រឡងប្រណាំង និងបង្កបង្កើនផលចិញ្ចឹមសត្វ

—————————–
កូនត្រីសរុបប្រមាណ៦០០០០ក្បាល ត្រូវបានព្រលែងចូលក្នុងស្រះទឹកស្ថិតនៅក្នុងកងអនុសេនាធំដឹកជញ្ជូន ការិយាល័យទី៤ កងទ័ពជើងគោក ។ ការព្រលែងត្រីចូលក្នុងស្រះនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានគូសបញ្ជាក់ថា ការប្រលែងកូនត្រីប្រមាណ៦០០០០ក្បាលចូលស្រះនាពេលនេះ ដើម្បីចូលរួមក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ក៏ដូចជាការបង្កលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់លទ្ធភាពដល់កងទ័ពការងាយស្រួលដោយគួបផ្សំទៅហ្នឹងការជម្រុញការងារចិញ្ចឹមត្រី និងបានលើកស្ទួយជីវភាពប្រចាំថ្ងៃនៅក្នុងអង្គភាពទ័ពឪ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមក្នុងវិស័យជលផល និងចូលរួមក្នុងការងារប្រឡងប្រណាំងលើគ្រប់វិស័យពីអង្គភាពមួយ ទៅអង្គភាពមួយរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងយកចិត្តទុកដាក់ និងកែទម្រង់កងយោធពលខេមរភូមិន្ទ គឺឲ្យកងទ័ពត្រូវតែខ្លាំង រឹងមាំលើគ្រប់វិស័យ និងផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសកម្ពុជាកំពុងជួបវិបត្តជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ម្ចាស់ការដាំដុះដំណាំគ្រប់ប្រភេទ ដាំដុះបន្លែ បង្កា និងចិញ្ចឹមសត្វគ្រប់យ៉ាង ការចិញ្ចឹមត្រី សាច់ ដើម្បីធានាបាននូវជីវភាពប្រចាំថ្ងៃ ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះការិយាល័យទី៤ ក្រៅពីភារកិច្ចស្នូល យោធិនយើងគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ បង្កបង្កើនផល និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការដោះស្រាយនូវជីវភាពប្រចាំថ្ងៃដល់យោធិនបានធូធារមួយកម្រិតថែមទៀតផងដែរ៕
nmr