ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សាទរពិធីរត់ភ្លើងគប់កីឡាជាតិ មុនពិធីបើកផ្លូវការ នាថ្ងៃពុធនេះ

ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបន្ដដំណើរដល់ខេត្តស្វាយរៀង ដោយទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីចុងសប្ដាហ៍កន្លងទៅ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការនាថ្ងៃទី៣០ ខែតុលាឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

 

ពិធីរត់ភ្លើងគប់ នៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រមទាំងកងកម្លាំង ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើន។

 

ថ្លែងនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិសា បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ដែលបានជ្រើសរើសយកខេត្តស្វាយរៀងធ្វើជាម្ចាស់ផ្ទះក្នុងពិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យមួយនេះ ស្របពេលខេត្តស្វាយរៀង ក៏បានត្រៀមកីឡាករ-កីឡាការិនី ១៧០នាក់ ត្រៀមចូលរួមប្រកួតលើ ១៦ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំម្ដងនេះផងដែរ ។

 

ទន្ទឹមជាមួយ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានសម្ដែងការអបអរសាទរចំពោះរដ្ឋបាលខេត្ត ក្រសួងមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការសិស្សាសិស្ស ពលរដ្ឋ ពិសេសរដ្ឋបាលមូលដ្ឋាន បានអញ្ជើញចូលរួម និងចាត់តាំងរក្សាការពារសន្តិសុខប្រកបដោយស្មារតីទទួលខុសត្រូវ។

 

ឯកឧត្តមបន្ថែមថា ប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍គឺបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងនោះនៅក្នុងគោលនយោបាយជាតិរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពង្រឹង និងពង្រីកធនធានមនុស្សលើគ្រប់វិស័យដើម្បីរកគុណភាព បន្តដឹកនាំនិងអភិវឌ្ឍន៍ជាតិដោយផ្សារភ្ជាប់ទៅនឹងវិស័យអប់រំនិងកីឡា ដែលជាវិស័យមួយរួមចំណែកធ្វើឱ្យប្រទេសនៅក្នុងពិភពលោកបានស្គាល់ និងបានសិក្សាពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាយើងមិនអាចកាត់ផ្តាច់ផងដែរ ។

 

គួរដឹងថា ក្រោយពិធីរត់ភ្លើងគប់ចេញពីខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ភ្លើងគប់កីឡាជាតិ នឹងរៀបចំពិធីដង្ហែចុងក្រោយ ចេញពីកន្លែងបើកការដ្ឋានសាងសងគម្រោង «ព្រែកជីកហ្វូណនតេជោ» ឆ្ពោះទៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធសប្ដាហ៍នេះ៕

nmr