ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីនេះបានដាក់ក្តីរំពឹងទុកថា នឹងទទួលអ្នកចូលរួមទស្សនាចំនួនប្រមាណ ៥ម៉ឺននាក់។

 

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែធ្នូនេះ បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ឯកឧត្តម បានបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ក្នុងគោលបំណងធ្វើឲ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់ទៅលើគុណភាពខ្ពស់ និងភាពច្នៃប្រឌិតខ្ពស់។

 

ទាក់ទិនទៅនឹងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។

 

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ នឹងផ្សារភ្ជាប់ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រីកវត្តមានរបស់កម្បុជានៅលើឆាកអន្តរជាតិ។

 

សូមជម្រាបជូនទៀតថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

 

ក្រៅពីការដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូលនេះដែរ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក៏នឹងរៀបចំព្រឹត្តិការណ៍អមនានាបន្ថែមទៀត រួមមាន៖ ការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១និងពិព័រណ៌អនឡាញ, វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ, កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្រ្តី៕

nmr