ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាតអារ៉ាប់រួមប្រកបដោយផ្លែផ្កា និងមោទនភាពបំផុត

តបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតូកគឺយេ និងអេមីរ៉ាតអារ៉ាប់រួម ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃទស្សនកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីដែលជាប្រធានសភា និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសនីមួយៗផងដែរ។ ប្រមុខសភានិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសទាំង៤ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក្នុងនាមជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរាល់ជំនួបសវនការ ប្រមុខសភា និងថ្នាក់ដឹកនាំនៃប្រទេសជាមិត្តបានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្របំផុតចំពោះសម្តេចតេជោថា ជាវីរជននយោបាយដ៏សំខាន់បំផុតដែលបានលះបង់ និងបូជាគ្រប់បែបយ៉ាងក្នុងបុព្វហេតុកសាងសន្តិភាព និងអភិវឌ្ឍជាតិ នៃប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប។

សម្តេចតេជោប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាមិត្ត ក៏បានធ្វើការផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការប្រឈមនៅចំពោះមុខសភាពការណ៍ ដែលកំពុងតែវិវត្តយ៉ាងលឿន កាន់តែតានតឹង និងស្មុគស្មាញ ជាពិសេសស្ថានភាពនៅស៊ីរី លីបង់ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីរួមចំណែកដល់ការស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា យោងតាមបទពិសោធផ្ទាល់របស់កម្ពុជា «សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ គឺមានតែកិច្ចសន្ទនា និងការចរចា» ហើយការដាក់ទណ្ឌកម្មជាឯកតោភាគីក៏មិនមែនជាជម្រើសសម្រាប់ដំណោះស្រាយបញ្ហាដែរ ប៉ុន្តែផ្ទុយទៅវិញបានបង្កនូវ ភាពស្មុគស្មាញកាន់តែច្រើន និងដាក់បន្ទុកដល់ប្រជាជន និងប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរសភា ថ្នាក់ដឹកនាំសភាទាំងអស់បានគូសបញ្ជាក់ពី សារៈសំខាន់នៃការទូតសភា និងបានឯកភាពជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងសភា ឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ចាប់ពីកម្រិតគណៈកម្មការ ដល់កម្រិត នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភា ជាពិសេសការរៀបចំកិច្ចប្រជុំជាទៀងទាត់ តាមរយៈយន្តការ នៃក្រុមមិត្តភាពសភាដែលមានស្រាប់របស់ ប្រទេសទាំង៤ ជាមួយកម្ពុជា ឬកិច្ចពិគ្រោះយោបល់នៅក្នុងក្របខ័ណ្ឌអន្តរសភាតំបន់ និងក្នុងវេទិកាអន្តរជាតិ នានា។

សម្តេចតេជោ ក៏បានជម្រាបជូនផងដែរអំពីលទ្ធផលនៃមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព (IPTP) ដែលបានអនុម័តដាក់ចេញនូវ “ធម្មនុញ្ញសន្តិភាពសកលលោក” នៅ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តបាន យល់ស្របថា ធម្មនុញ្ញសន្តិភាពសកលលោក មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនងសភា និងសម្រាប់អ្នកស្រឡាញ់សន្តិភាព ព្រមទាំងប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាព និងវិបុលភាព ពិភពលោក។ ស្របជាមួយគ្នានេះ សម្តេចតេជោបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានសភាកាតា ក្នុងការ បង្កើតឱ្យមានកិច្ចប្រជុំកំពូលសភាអាស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ីឱ្យកាន់តែ ប្រសើរឡើង។

សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស និងក្រសួងការបរទេស ព្រមទាំងបានស្នើសមភាគីជាមិត្តជំរុញការរៀបចំកិច្ចប្រជុំនេះឱ្យ បានទៀងទាត់។ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីការជំរុញ និងការគាំពារដល់កិច្ចសហ ប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្មសេរី និងវិនិយោគ ដោយផ្អែកលើភាពខ្លាំងនៃប្រទេសនីមួយៗ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសន្តិសុខស្បៀង ហើយបណ្តាប្រទេសជាមិត្តទាំង៤ មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងក៏ អាចជាយន្តការរួមគ្នាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្គរ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។

សម្តេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានសក្តានុពលជាច្រើន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើននិងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជា។ MURIDety & ភាគីទាំងអស់បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដទៃទៀតដែលមាន សក្តានុពលនិងផលប្រយោជន៍រួម ដូចជា អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះភាគីមិត្ត និងស្នើបន្តគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ព្រមទាំងជំនួយអភិវឌ្ឍន៍និង បច្ចេកទេសនានា។

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិភាគីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការរួម វិភាគទានរបស់ប្រទេសនីមួយៗ ដើម្បីជាគុណប្រយោជន៍រួមសម្រាប់តំបន់ និងជាសកល។ ជាមួយនឹង ការគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការធ្វើសមាហរណកម្មតំបន់ និងពាណិជ្ជកម្មសេរី ដែលបើកចំហ មាន តម្លាភាព និងប្រកបដោយបរិយាបន្ន សម្តេចតេជោបានផ្តោតសារៈសំខាន់ខ្លាំងលើទំនាក់ទំនងរវាងក្រុម ប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាមួយអាស៊ាន ជាពិសេសការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មដ៏ធំរវាងតំបន់ទាំងពីរ។ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថា ការចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ាន និង GCC គួរត្រូវបានពន្លឿន និងបញ្ចប់ឱ្យបានឆាប់រហ័ស ខណៈពេល ដែលសហភាពអឺរ៉ុប (EU) និងអាស៊ាន នៅមានឧបសគ្គមួយចំនួនក្នុងការចរចានៅឡើយ។ សម្តេចតេជោ បានបង្ហាញទស្សនៈប្រកបដោយសុទិដ្ឋិនិយមខ្ពស់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង GCC និងអាស៊ាន នឹងមានភាពងាយស្រួល ដោយសារពុំមានការដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ ទាំងពីរស្ថិតនៅក្នុងទ្វីបអាស៊ីដូចគ្នា។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ប្រធានសភានៃប្រទេសទាំង៤ បានទទួលយក ការអញ្ជើញរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ លើសពីនេះទៀត តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរដ្ឋកាតាបានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋកាតា តាម ពេលវេលាសមស្រប។ នៅក្នុងឱកាសនៃទស្សនកិច្ចនោះផងដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជួបសន្ទនាជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ប្រធានាធិបតីតួកគីយេ, ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា, និងបានអនុញ្ញាតទទួលជួបសម្តែង ការគួរសមពីឯកឧត្តម សេក្ខ ហ្វេសាល ប៊ីន ថានី ប៊ីន ហ្វេសាល អាល ថានី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្ម នៃរដ្ឋកាតា។ ជាមួយគ្នានេះដែរ ក្នុងពេលស្នាក់នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោ ត្រូវ បានអញ្ជើញចូលរួមជាភ្ញៀវពិសេសរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍វប្បធម៌តួកគីយេ-ហុងគ្រី នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលនាពេលនោះ សម្តេចតេជោ ក៏បានជួបសន្ទនាជាមួយឯកឧត្តម វីកទ័រ អរបាន នាយករដ្ឋមន្ត្រីហុងគ្រី ផងដែរ៕

nmr