ព័ត៌មានថ្មីៗ

ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរ២០២៥

ភ្នំពេញ ៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ ខណៈស្ពានអាកាសជាន់ទី២ កំពុងប្រើប្រាស់បណ្ដោះអាសន្នយ៉ាងមមាញឹក។

 

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១នេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

 

ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែ ពោលគឺនឹងបញ្ចប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងគឺបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។

 

ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។

 

ស្ពានអាកាសថ្មីនេះ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។ ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

 

ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននូវលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀតអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

 

ស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងវិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់រួមមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕

nmr