ថ្លែងក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគណៈគ្រប់គ្រងសាលាទាំងអស់ដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅតាមសាលារៀន និងសាលាបណ្ដុះបណ្ដាលគ្រូ ដើម្បីជាជំនួយដល់ការរៀន និងបង្រៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាឧបករណ៍មួយមានលក្ខណៈស្វ័យប្រវត្តិ ជំនាញខ្លះត្រូវបាត់បង់ និងជំនួសដោយបច្ចេកវិទ្យា។ ដូច្នេះ ប្រសិនបើយុវជនមិនបានត្រៀមខ្លួនចាប់យកបច្ចេកវិទ្យា នឹងដើរមិនទាន់គេនោះទេ។
រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា កន្លងមកក្រសួងបានដាក់ឱ្យសាកល្បងការរៀន និងបង្រៀនបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យគរុសិស្ស និងសាលាជំនាន់ថ្មី ប្រើប្រាស់។