កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់ពេលនេះ មានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៩ម៉ឺន ៨ពាន់នាក់។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១១ ខែមីនានេះ ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៩៨ ៦៦២នាក់ ក្នុងនោះក្រុមគោលដៅ ចំនួន ៣៧ ៥២៤នាក់, សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៤ពាន់នាក់, សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ១ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១១ ៨៣៨នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៥ ៦៥៩នាក់។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជាអាណាព្យាបាលរបស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ។
សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។
ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ខាងលើនេះដែរ សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាសដល់យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។
ក្រសួងនឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វផ្សាយដល់យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណាការផ្គូផ្គងរវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ៕