សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡាន ដើម្បីត្រៀមដឹកបងប្អូនប្រជារដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតលុយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមុខងារធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាធានីភ្នំពេញត្រូវត្រៀមរថយន្ត ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ឬកម្មករនិយោជិតទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។
សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរថមន្រ្តី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាការបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ មិនថារដូវភ្ជុំ ចូលឆ្នាំ ឬក្នុងឱកាសថ្ងៃបោះឆ្នោតទេ សម្ដេចតេជោ ហ៊ុន សែន តែងតែណែនាំរៀបចំឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈដែលមានអនាម័យ ផាសុកភាព និងព្រមជាមួយទឹកសុទ្ធ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដើម្បីជួយសម្រួលការចំណាយលើថ្លៃធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការិនី ទៅកាន់ស្រុកកំណើតបានដោយងាយស្រួល និងមិនអស់ប្រាក់៕